រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្ដា ក្រុង-ស្រុក នាពេលកន្លងមក

ថ្ងៃពុធ ទី ៩ តុលា ២០១៩​
5

សៀមរាប៖ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្ដាក្រុង-ស្រុកទាំង១២ ក្នុងខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានា អភិបាល អភិបាលរង ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីបូកសរុបរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងអង្គភាពមន្ទីរនូវ​ផល​ប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត និងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងនាពេលកន្លង​មក ដែលនាំឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ខូចខាតផលដំណាំ ងាប់ និង​លិច​លង់​សន្ទូង របស់​បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិសាស្ត្រ ក្រុង-ស្រុក នៃខេត្តសៀមរាប។ ចាប់ពីអំឡុងខែសីហា រហូតដល់ខែកញ្ញា ឆ្នាំ២០១៩ ដែលក្នុងរយៈពេលពីខែចុងក្រោយនេះ ស្រុកមួយចំនួនមានករណីគ្រោះមហន្តរាយកើតឡើងបន្តបន្ទាប់ដោយសារគ្រោះធម្មជាតិ ដូចជា ស្រុកក្រឡាញ់ ស្រុកអង្គរជុំ ស្រុកវ៉ាវិន ស្រុកជីក្រែង ស្រុកស្វាយលើ ស្រុកស្រីស្នំ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកអង្គរធំ ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី និងក្រុងសៀមរាប បានទទួលរងនូវផលប៉ះពាល់ពីគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងឧប្បទ្ទេវហេតុផ្សេងៗ ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានមានប្រសាសន៍ស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើរបាយការណ៍ផ្តល់មកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តឱ្យបានទៀងទាត់ និងយកចិត្តទុកដាក់ខ្ពស់លើការងារនេះ ដើម្បីក្រុមការងារលេខាធិការដ្ឋានធ្វើរបាយការណ៍រាយការណ៍ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជ្រាប និងដើម្បីមានវិធានការដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលាចំពោះសេចក្តីត្រូវការទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗ៕

ចែករំលែក

បញ្ចេញយោបល់