លោកទេសរដ្ឋមន្ត្រី គន់ គីម បន្តនាំយកស្រូវពូជ ២៤តោន ចែកជូនប្រជាកសិករនៅស្រុកត្បូងឃ្មុំ ដើម្បីបង្កបង្កើនផលក្រោយទទួលរងការខូចខាតដោយទឹកជំនន់

ថ្ងៃពុធ ទី ៩ តុលា ២០១៩​
9

ត្បូងឃ្មុំ៖ បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គចាប់ស្រកចុះទៅវិញ ដោយមើលឃើញពីការខ្វះខាតពូជស្រូវ ក្នុងការដាំដុះដំណាំស្រូវ និងតម្រូវការចាំបាច់របស់ប្រជាកសិករ លើការជួយកាត់បន្ថយចំណាយ ជាពិសេសជួយសម្រួលលទ្ធភាព ស្តារឡើងវិញនូវដំណាំស្រូវដែលបានខូចខាតនាពេលកន្លងមក។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះសួរសុខទុក្ខ និងនាំយកពូជស្រូវប្រមាណ ២៤តោន ដែលជាអំណោយដ៍ថ្លៃថ្លរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញពីសំណាក់លោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចែកជូនប្រជាកសិករ ២៨៥គ្រួសារ នៅលើផ្ទៃដីប្រមាណ ២០០ហិចតា ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបង្កបង្កើនផល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ នារដូវទឹកសម្រកនេះ។

ការចែកពូជស្រូវ នេះធ្វើឡើងនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងក្រុមការងារជាច្រើនរូបទៀត។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចូលស្ដោកស្ដាយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ ដែលបង្កខូចខាតដល់ផលដំណាំ និងទ្រព្យសម្បត្តិកន្លងមក។

លោកបានបន្តថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មានទីផ្សារល្អ និងរយៈពេលខ្លី នៃការប្រមូលផលបានឆាប់រហ័សទៀតផង។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ក្រៅពីការធ្វើកសិកម្មដំណាំស្រូវ គឺត្រូវដាំដំណាំបន្លែបង្ការបន្ថែម នៅផ្ទៃដីក្បែរៗ ភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិ ដើម្បីជួយសម្រួលកម្រិតជីវភាពគ្រួសារបន្ថែមទៀតផងដែរ។

តាមរបាយការណ៍របស់លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ ស្រុកត្បូងឃ្មុំ បានរងផលប៉ះពាល់ដល់ឃុំចំនួន៦ លើផ្ទៃដីប្រមាណ ២០០ហិចតា។ ដោយឡែកថ្ងៃនេះប្រជាកសិករ ២៨៥គ្រួសារ ទទួលបានស្រូវពូជល្អ ក្នុងការបង្កបង្កើនផល ដែលការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពីសុខទុក្ខ ការរស់នៅ និងជីវភាពរបស់បងប្អូន ស្តែងឡើងតាមរយៈគ្រប់សកម្មភាព ពិសេសរដូវទឹកដំឡើង ទឹកជន់លិចនាពេលកន្លងទៅ និងរដូវទឹកសម្រកនាពេលនេះ៕

ចែករំលែក

បញ្ចេញយោបល់