លិខិត​មិត្ត​អ្នក​អាន៖ “សម រង្ស៊ី មេ​ដឹក​នាំ​នយោបាយ​ដែល​តែង​នាំ​ទុក្ខ​ដល់​សកម្ម​ជន និង​អ្នក​គាំ​ទ្រ!”

ថ្ងៃពុធ ទី ៩ តុលា ២០១៩​
27

ភ្នំពេញ៖ វាពិតជាគួរឲ្យកត់សម្គាល់ណាស់សម្រាប់​ដំណើរ​ជីវិតនយោបាយ​របស់លោក សម រង្ស៊ី នៅ​ត្រង់​ថា មានមន្ត្រី សកម្មជន និង​អ្នក​គាំទ្រ ជាពិសេសអ្នក​ដែល​ស្មោះ​ស័្មគ្រជា​មួយ​គាត់ និង​នៅ​ក្បែរគាត់តែង​ជួបប្រទះ​ទុក្ខ​សោក និង​ក្តីវិនាស​អន្តរាយ​ដោយសារ​តែរូបគាត់​ជាអ្នក​បង្កើត​​ឡើង។ អ្នកខ្លះស្លាប់ អ្នកខ្លះរងរបួស​ អ្នកខ្លះជាប់គុក អ្នកខ្លះ​ត្រូវនិរាស ប្រាស់ព្រាត់​ក្រុមគ្រួសារ និងស្រុកទេស ចំណែកអ្នកខ្លះទៀតធ្លាក់ខ្លួនក្រតោកយ៉ាក… ដោយសារតែដើរ​តាមនយោបាយ​របស់លោក សម រង្ស៊ី។ ខ្ញុំកត់សំគាល់ជាច្រើនឆ្នាំណាស់មកហើយថា គ្មាន​សកម្ម​ជន ឬមន្ត្រីអ្នកស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ណា​ម្នាក់បាន​ទទួលពរជ័យ និង​ស្គាល់​​ភាពចម្រុងចម្រើនក្នុងជីវិតនយោបាយ ជីវិតការងារ ឬក្នុងរបររក​ស៊ីរបស់ខ្លួន​សោះ​ឡើយ។

ដើម្បីមើលឲ្យឃើញបញ្ហានេះកាន់តែច្បាស់ យើងអាចក្រឡេកថយក្រោយ​បន្តិចទៅមើល​ដំណើរជីវិតនយោបាយរបស់លោក សម រង្ស៊ី តាំងពីចាប់ផ្តើមដំបូង។ ក្រោយការបណ្តេញ​ចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច លោក សម រង្ស៊ី បានទៅបង្កើតគណបក្សនយោបាយថ្មី​មួយកាលពីឆ្នាំ ១៩៩៥ ដែលមានឈ្មោះថា គណបក្សជាតិខ្មែរ។ មិនបានប៉ុន្មានឆ្នាំផង គណបក្សនេះក៏ត្រូវបែកបាក់ខ្ទេចខ្ទីដោយសារជម្លោះផ្ទៃក្នុងដែលបង្ខំឲ្យលោក សម រង្ស៊ី រត់ទៅបង្កើតបក្សថ្មីមួយទៀតដោយដាក់ឈ្មោះខ្លួនឯងគឺ គណបក្ស សម រង្ស៊ី។ ដោយសារ​តែ​មិនដែលទទួលជោគជ័យក្នុងការបោះឆ្នោតម្តងណាសោះនោះ លោក សម រង្ស៊ី ក៏​សម្រេច​ចិត្តដោយបង្ខំក្រោមការចង្អុលបង្ហាញរបស់បរទេស ទៅបង្កើតគណបក្ស​សង្គ្រោះ​ជាតិ​ជាមួយលោក កឹម សុខា ដោយសុខចិត្តដាក់ហ៊ុន​ស្មើគ្នា​ជាមួយលោក កឹម សុខា បើ​ទោះ​បីជាគណបក្សរបស់ខ្លួន​មានដល់​ទៅ ២៦​កៅអី ខណៈ​ដែល​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា មានតែ ៣កៅអី ​ក៏ដោយ។ ទីបំផុត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​តុលាការកំពូលរំលាយចោលទៀត ដោយសារតែកំហុសធ្ងន់ធ្ងររបស់មេដឹកនាំ​គណ​បក្ស​នេះ​សម្ដែង​​នូវ​អំនួត​​ក្អេងក្អាង​ភ្លាត់មាត់ និងពុលទឹកមាត់​និយាយរឿង​ដែលមិន​ត្រូវ​និយាយ។ គេអាចសន្និដ្ធានបានថា គ្មានគណ​បក្សណាមួយ​​ដែលស្ថិតក្រោមការដឹកនាំ​របស់​​លោក សម រង្ស៊ី បានសុខ និងបាន​ជោគ​ជ័យទាល់​តែសោះ។ វាសនារបស់គណបក្ស​ទាំងនោះគឺទីបំផុតត្រូវរលាយ។

យើងងាកមកមើលវាសនារបស់មន្ត្រីជិតស្និទ្ធ ព្រមទាំងសកម្មជន និងអ្នកគាំទ្រលោក សម រង្ស៊ី វិញ ក៏ជួបប្រទះតែវាសនា​អាក្រក់​គ្រប់​ៗ​គ្នា​ដែរ។ លោក កឹម សុខា ដែលពីមុនជា​សត្រូវ​ស៊ី​សាច់ហុតឈាមរបស់​លោក សម រង្ស៊ី តែ​ក្រោយមក​យក​ខ្លួន​បៀត​លោក សម រង្ស៊ី ក៏​ជួប​​ប្រទះ​នឹងវាសនា​អាក្រក់យ៉ាងខ្លាំង។ មន្ត្រីនៅក្បែរលោក សម រង្ស៊ី មួយចំនួនដែល ពី​មុន​ធ្លាប់មានជីវិតសប្បូរសប្បាយ លុយ​ចាយមិនខ្វះ ក៏ធ្លាក់ខ្លួនក្រ​ជាបន្ត​បន្ទាប់ក្រោយពី​សេពគប់ជាមួយលោក សម រង្ស៊ី រហូត​ដល់ទីបំផុតដឹងខ្លួន​ក៏សម្រេចចិត្តដក​ខ្លួននៅឲ្យ​ឆ្ងាយ​ពី សម រង្ស៊ី​។ ករណីលោក លន់ ភន់ និង​មនុស្សជា​ច្រើនទៀត​​គឺជា​ឧទាហរណ៍​ស្រាប់។ អ្នកក្រៅពីនោះដែលមាន​ប្រវត្តិជិត​ស្និទ្ធ​ជាមួយលោក សម រង្ស៊ី ក៏ទទួលជោគ​វាសនា​មិន​ខុស​គ្នាដែរ។ បើមិនស្លាប់ក៏ជាប់គុក បើ​មិន​ជាប់គុកក៏រត់ចោលស្រុក និងនិរាស ប្រាស់​ព្រាត់​គ្រួសារ និងហិនហោចទ្រព្យ​សម្បត្តិ​ដោយចៀសមិនផុត។ ចំណែកឯសកម្មជន និង​អ្នក​គាំ​ទ្រថ្នាក់មូលដ្ឋានឯណោះវិញក៏​មានវាសនាប្រហាក់ប្រហែល រឺដូចគ្នាដែរ។ សកម្ម​ជន និង​អ្នកគាំទ្រខ្លះដែលចាញ់បោកលោក សម រង្ស៊ី ឲ្យមកធ្វើបាតុកម្ម​ហិង្សា​នៅ​ភ្នំពេញ អ្នក​ខ្លះ​ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន អ្នកខ្លះរងរបួស ខណៈអ្នកខ្លះទៀត​លក់ស្រូវ លក់ជ្រូក លក់​មាន់​ទា គោអំពែ លក់​រហូតដល់ឆ្កែ ដើម្បីយកលុយ​ឡើងមក​ភ្នំពេញ​ចូល​រួម​បាតុ​កម្ម​បម្រើន​យោ​បាយ​ឲ្យលោក សម រង្ស៊ី។ ទីបំផុត អ្នកទាំងនោះធ្លាក់​ខ្លួន​​ក្រកាន់​តែខ្លាំង​ហើយ​វិល​ត្រឡប់​ទៅ​ស្រុកវិញដោយ​អស់សង្ឃឹម​បន្ទាប់​ពីលោក សម រង្ស៊ី សម្រេចចូលអង្គុយ​ក្នុងសភាធ្វើ​ព្រងើយ។

បច្ចុប្បន្ននេះ មន្ត្រីអ្នកនៅជិតស្និទ្ធជាមួយលោក សម រង្ស៊ី ក៏កំពុងរងទុក្ខទោស និរាសប្រាស់​ព្រាត់​ដូចគ្នាដែរ។ ជាក់ស្តែង លោក អេង ឆៃអ៊ាង ដែលកាល​នៅស្រុកខ្មែរ​ធ្លាប់មានលុយ​ចាយ សប្បាយហ៊ឺហា ស្រីញី និងលេងល្បែង​កាស៊ីណូ​តាម​ចិត្ត ឥឡូវធ្លាក់​ខ្លួនប្រាស់ព្រាត់​គ្រួសារក្លាយជាជបពនេចរអនាថានៅក្រៅប្រទេស។ លោកស្រី មួរ សុខហួរ ដែលធ្លាប់ជា​ស្ត្រីមានមុខមាត់ក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច រហូត មានឋានៈតួនាទីដល់ទៅ​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី តែបន្ទាប់ពីយកខ្លួនទៅបៀតជាមួយលោក សម រង្ស៊ី ក៏ធ្លាក់ខ្លួនដុនដាប​យ៉ាង​ខ្លាំងស្ទើរតែមើលលែងស្គាល់។ លោក ហូរ វ៉ាន់ ដែលកាល នៅស្រុកខ្មែរមានលុយចាយ មានប្រពន្ធលួចលាក់ជាស្រីក្មេងៗជាច្រើន ឥឡូវក៏ក្លាយជាមនុស្សដាច់យ៉ៃ ទាល់ច្រក គ្មាន​ទិសដៅ។ មនុស្សមួយចំនួនទៀត ដែលខ្ញុំមិនបានរាប់ឈ្មោះ​អស់ក៏ទទួលជោគ​វាសនា​ដូច​គ្នាដែរ។ អ្នកខ្លះដែលដឹងខ្លួនទាន់ថានៅជាមួយលោក សម រង្ស៊ី គ្មានកំណើតក៏ដក​ខ្លួន​ដោយស្ងៀមស្ងាត់ ដូចជាលោក យឹម សុវណ្ណ លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ជា​ដើម។ និយាយដោយខ្លី មនុស្សប្រភេទ លោក សម រង្ស៊ី ត្រូវបានចាស់បូរាណហៅថា ជាប្រភេទ​មនុស្សចង្រៃ ឬជាជនពាលដែលតែង នាំទុក្ខដល់អ្នកទាំងឡាយណាដែល​សេពគប់ជាមួយ​គាត់ ដូចពាក្យ​ចាស់បូរាណពោលថា “សេពគប់មនុស្សល្អបានសុខ សេពគប់ជាមួយមនុស្ស​ពាល​នឹងទទួលក្តីវិនាស”។

លោក សម រង្ស៊ី ធៀបនឹងលោក កឹម សុខា មានចរិតខុសគ្នាស្រឡះ នៅត្រង់ថា លោក កឹម សុខា ជាមនុស្សហ៊ានទទួលខុសត្រូវ ហើយសុខចិត្តទទួលទោសកំហុសដោយ​ខ្លួនឯង​ដោយ​​មិន​រត់ចោលបញ្ហា ហើយរុញឲ្យសកម្មជនទទួលជំនួសដូចលោក សម រង្ស៊ី ឡើយ។ តែ​បើ​ធៀប​ជាមួយលោក ហ៊ុន សែន គឺខុសគ្នាដាច់ដូចមេឃ និងដី នៅត្រង់ថា លោក សម រង្ស៊ី នាំទុក្ខទោស និងភាពក្តៅក្រហាយដល់សកម្មជន អ្នកគាំទ្រ ចំណែកឯលោក ហ៊ុន សែន ជាអ្នកនយោបាយដែលនាំ សន្តិភាព ភាពត្រជាក់ត្រជុំ និងចម្រុងចម្រើនដល់ពលរដ្ឋ និងប្រទេសជាតិ ហើយសុខចិត្តពាំងការពារភាពសុខសាន​របស់ប្រជាពលរដ្ឋទោះ​ជាក្នុង​តម្លៃណា​ក៏ដោយ។

ហេតុអ្វីលោក សម រង្ស៊ី ជាមនុស្សដែល​តែងតែនាំទុក្ខដល់​អ្នកនៅ​ជុំវិញ​ខ្លួន?

បើបកស្រាយតាមបែបជំនឿសាសនា លោក សម រង្ស៊ី ជាមនុស្សដែលមានឈាមជ័រ​ជា​បុគ្គល​ពាលជាប់នឹងខ្លួនពីកំណើត។ មនុស្សប្រភេទនេះ បូរាណទូន្មានថា កុំយកខ្លួនបៀត ព្រោះបើអ្នកណាហ៊ានយក​ខ្លួន​បៀតនឹងនាំទុក្ខទោស និងនាំក្តីវិនាសអន្តរាយ​ដល់ខ្លួនជាក់​ជាមិនខាន។ បើពិនិត្យមើលសកម្មភាពជាក់ស្តែងវិញ លោក សម រង្ស៊ី ជាមនុស្សដែល​ចូល​ចិត្តបង្ករឿង ហើយមិនទទួលខុសត្រូវខ្លួនឯងតែបែរជារុញអ្នកផ្សេងឲ្យទទួលថ្មបាក់ជំនួស។ ក្នុងដំណើរជីវិតនយោបាយរបស់លោក សម រង្ស៊ី ជាងពីរទសវត្សរ៍ចុង​ក្រោយគឺ​ពិតជា​យ៉ាងដូច្នេះមែន។ ជំនាញ​របស់លោក សម រង្ស៊ី គឺចាក់រុក ញុះញង់ បង្កកំហឹង និងជម្លោះ បន្ទាប់ពីកើតរឿងក៏រត់ចោលស្រុកបាត់ ហើយទុកឲ្យសកម្មជន និងអ្នកគាំទ្រ​ទទួលថ្មបាក់​ជំនួសខ្លួន។ សម រង្ស៊ី ទៅដល់ណា មានសកម្មជន អ្នកគាំទ្រនៅទីនោះជួបទុក្ខលំបាក។ ពេលគាត់ទៅព្រំដែន គាត់នាំអ្នកគាំទ្រទៅដកបង្គោលព្រំដែនដែលជាអំពើល្មើសច្បាប់ ហើយ សម រង្ស៊ីរត់បាត់ទុកឲ្យសកម្មជនរបស់ខ្លួនទទួលទោសជំនួស។ ពេលធ្វើបាតុកម្ម លោកសម រង្ស៊ី បញ្ជាឲ្យសកម្មជន អ្នកគាំទ្រប្រើហិង្សា វាយកម្ទេច ដុតបំផ្លាញ ដែល​ជា​អំពើ​ល្មើសច្បាប់ រួចហើយលោក សម រង្ស៊ី ក៏រត់ទៅក្រៅ​ប្រទេសបាត់​ដោយទុកឲ្យ​សកម្ម​ជន និងអ្នកគាំទ្រផ្កាប់មុខទាំងនោះទទួលទោសជំនួស។ គ្រប់ករណីទាំងអស់​មាន​សណ្ឋាន​ដូចគ្នាបេះបិត។

ឥឡូវនេះ លោក សម រង្ស៊ី កំពុងនាំទុក្ខទោសដល់មន្ត្រីដែលនៅក្បែរខ្លួន និងសកម្មជន​អ្នក​គាំទ្រនៅក្នុងប្រទេសតាមរយៈការញុះញង់ឲ្យពួកគេប្រព្រឹត្តខុសច្បាប់តាមផែនការរដ្ឋប្រហារដែលត្រូវ ប្រឈមមុខនឹងទោសទណ្ឌ ចំណែករូបលោក សម រង្ស៊ី ផ្ទាល់កំពុង​ប្រមូល​លុយរស់នៅយ៉ាងស្រួលឯក្រៅប្រទេស។ ជាទូទៅ នៅមុនធ្វើ​សកម្ម​ភាពអ្វីមួយ លោក សម រង្ស៊ី បង្កើតកំហុសនៃអំពើនោះទុក​ជាមុនដើម្បីឲ្យ​សកម្មជន អ្នកគាំ​ទ្រ​របស់​ខ្លួនធ្លាក់ក្នុង​រណ្តៅ​នោះ​ពី​ព្រោះលោក សម រង្ស៊ី យល់ថា ទុក្ខសោករបស់​សកម្មជន និង​អ្នក​គាំទ្រគាត់គឺ​ជាផលចំណេញ​ខាងនយោ​បាយ​សម្រាប់​រូប​គាត់។ ហេតុនេះ​ហើយបាន​ជា​លោក សម រង្ស៊ី មិនដែលញញើតក្នុងការ​ប្រកាសផែនការ​ខុស​ច្បាប់រួចហើយញុះ​ញង់​ឲ្យ​សកម្មជន អ្នក​គាំ​ទ្រ​ធ្វើតាមដើម្បីឲ្យពួកគេធ្លាក់ក្នុងអន្ទាក់។ ផែន​ការរដ្ឋប្រហារ​ដ៏អាក្រក់​នៅថ្ងៃទី ៩ វិច្ឆិកា គឺ​ជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ។

ប៉ុន្តែ ទីបំផុត​នៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សម រង្ស៊ី នឹងមិនមកស្រុកវិញដូចការ​ប្រកាស​នោះឡើយ។ ចំណែកអ្នកដែលជឿលង់តាម​ការឃោសនារបស់លោក សម រង្ស៊ី ​ទីបំផុត​ក៏​ធ្លាក់​ក្នុង​អន្ទាក់​លោក សម រង្ស៊ី មែន ហើយពួកគេមានតែការសោក​ស្តាយ ខកចិត្ត ដោយ​​សារតែការទទួលទោសជំនួសលោក សម រង្ស៊ី តែប៉ុណ្ណោះ។  ទាំងនេះ​​គឺ​ជា​​ការ​ពិត​ដែល​មិន​អាចប្រកែកបានឡើយ ​ដែលបញ្ជាក់ថា លោក សម រង្ស៊ី ពិត​ជាមនុស្ស​ដែល​នាំ​ទុក្ខ​ដល់​អ្នកនៅជុំវិញខ្លួនពិតប្រាកដមែន។ មនុស្ស​បែបនេះបើ​បណ្តោយ​ឲ្យដឹក​នាំ​ប្រទេស​វិញ ច្បាស់​ជាវិនាសអន្តរាយដូចសម័យខ្មែរក្រហម​ជាក់ជាមិន​ខាន​ឡើយ៕

ដោយ៖  អ្នកតាមដាននយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់