ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។
ដោយឡែក ក្នុងរមណីយដ្ឋានអង្គរ ទឹកគឺជាប្រភពដ៏សំខាន់សម្រាប់កិច្ចការអភិរក្សប្រាង្គប្រាសាទក៏ដូចជាការលើកតម្លៃទេសភាពវប្បធម៌របស់ឧទ្យានអង្គរទាំងមូល។ ឆ្លើយតបចំពោះការកង្វល់ពីបញ្ហាខ្វះទឹកនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋាន គ្រប់គ្រងទឹក បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរជាតិអប្សរាមិនមានការព្រួយបារម្ភទេ ចំពោះការ រក្សាទឹកទុកដើម្បីអភិរក្សប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ ដោយហេតុថា កន្លងមកអាជ្ញាធរជាតិអប្សរាបានស្ដារប្រើប្រាស់ឡើងវិញបានល្អនូវប្រព័ន្ធធារាសាស្ដ្របុរាណ ហើយប្រព័ន្ធនេះ បានបង្ហាញពីប្រសិទ្ធភាពក្នុងការរំដោះទឹកជំនន់ចេញពីរមណីយដ្ឋានអង្គរ ក៏ដូចជាតំបន់ក្រុងសៀមរាប ទាំងមូល។ មិនតែប៉ុណ្ណោះ ការស្ដារឡើងវិញនូវប្រព័ន្ធប្រឡាយតូចៗជាច្រើនទៀត ដែលអាចធានាបាននូវការបញ្ចូលទឹកក្នុងកសិណប្រាសាទ ក៏ដូចជាបារាយណ៍បុរាណជាដើមនេះ ធ្វើឲ្យស្ថានភាពទឹកមានការគ្រប់គ្រងបានល្អចំពោះតំបន់ឧទ្យានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានបន្ថែមថា កសិណអង្គរធំ កសិណអង្គរវត្ត និងបារាយណ៍ជ័យតដាកជាដើមនោះ ស្ថានភាពទឹកនៅមានលក្ខណៈប្រសើរ ហើយទឹកក្រោមដីដែលមានក្នុងតំបន់ជុំវិញប្រាសាទធំៗក៏មិនមានបញ្ហាចោទដែរ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងរយៈពេលមួយខែ ឬពីរខែទៀត ទម្រាំរដូវវស្សាចូលមកដល់។
តែទោះជាក្នុងពេលបច្ចុប្បន្ននេះ ការគ្រប់គ្រងទឹកមានភាពល្អប្រសើរយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរានៅតែបន្តការយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃធម្មជាតិក៏មានការប្រែប្រួល មនុស្សរស់នៅនិងប្រើប្រាស់ទឹកក៏មានការកើនឡើង។ ចំពោះការប្រើប្រាស់ទឹកបារាយណ៍ដែល ជាអាងស្តុកទឹកដ៏ធំមួយដោយផ្ទាល់នេះ អាចជួបនឹងបញ្ហាប្រឈម តែយើងកំពុងជំរុញឲ្យប្រជាពលរដ្ឋ ដាំដំណាំរួមផ្សំផ្សេងៗវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកដោយផ្ទាល់ហើយទុកទឹកបារាយណ៍នេះសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងទីក្រុងវិញ។ ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរា មានគម្រោងក្នុងការស្ដារឡើងវិញ នូវអាងស្ដុកទឹកចាស់ៗមួយចំនួនទៀតដូចជា ទន្លេស្ងួត ដែលស្ថិតនៅខាងលិចប្រាសាទព្រះខ័ន និងបារាយណ៍ឥន្ទ្រតដាកជាដើម ដើម្បីធានាឲ្យមានសមាមាត្រជាមួយនឹងកំណើនភ្ញៀវទេសចរក្នុងពេលអនាគត៕