លិខិតមិត្តអ្នកអាន៖ ពូជណា-ផ្លែហ្នឹង «សម រង្ស៊ី ប្រកាសខ្លួនជាសត្រូវស៊ូពូជនឹងរបបរាជានិយម»

ថ្ងៃចន្ទ ទី ២៣ កញ្ញា ២០១៩​
25

ទោះបីជាមានការថ្កោលទោសពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរតែមួយនគរ និងសូម្បីតែមានការរិះគន់ខ្លាំងៗពីសំណាក់ក្រុមប្រឆាំងគ្នាឯង ចំពោះទង្វើអសីលធម៌ និងព្រហើនកោងកាចរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានមាក់ងាយ និងជេរប្រមាថធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រក៏ដោយ ក៏ជននេះ មិនបានបញ្ឈប់នូវសកម្មភាពដ៏គឃ្លើន និងថ្លើមធំពាសមេឃរបស់ខ្លួនឡើយ។ ទាំងការប្រមាថផ្ទាល់មាត់នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RFA និង VOA និងសារបង្ហោះផ្សាយជាសាធារណៈលើបណ្តាញសង្គម ជនក្បត់ជាតិតសណ្តានរូបនេះ មិនបានរារែក ឬទម្លាក់ចុះនូវទង្វើខុសឆ្គងខាងសីលធម៌ និងល្មើសច្បាប់រដ្ឋធម្មនុញ្ញ ដូចខាងលើនេះឡើយ។ មេឧទ្ទាមក្រៅច្បាប់នេះ នៅតែបន្តប្រមាថព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី កប់ៗមាត់។ រហូតដល់ពេលចុងក្រោយនេះ ជននេះហ៊ានហៅអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត របស់ប្រជាពលរដ្ឋខ្មែរ សុទ្ធតែ «វា» ពេញៗមាត់ និងបានជេរប្រមាថព្រះអង្គថា គ្មានភាពថ្លៃថ្នូរសាកសមជាមនុស្សថែមទៀតផង។ ទណ្ឌិត សម រង្ស៊ី បានឱ្យព្រះមហាក្សត្រដាក់រាជ កុំនៅស្ងៀមដូចស្តេច ល្ខោន ឬទីងម៉ោង ឬជាអាយ៉ងរបស់ ហ៊ុន សែន ។ល។ ទាំងនេះគឺជាសំដីដ៏បាតផ្សារ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានមិនអាចទទួលយកបានឡើយ។ បងប្អូនប្រជាពលរដ្ឋខ្មែរបាននឹងកំពុងតែខឹងសម្បារ និងថ្កោលទោសចំពោះជននេះយ៉ាងខ្លាំង ហើយថែមទាំងទាមទារឱ្យដាក់ទោសទណ្ឌលើជននេះឱ្យបានធ្ងន់ធ្ងរបំផុត បន្ទាប់ពីជនក្បត់ជាតិរូបនេះ នៅតែគឃ្លើនបន្តជេរប្រមាថលើអង្គព្រះមហាក្សត្រម្តងហើយម្តងទៀត។

ការទាត់ចោលតម្លៃ និងតួនាទីដ៏សំខាន់របស់អង្គព្រះមហាក្សត្រ ដែលកំពុងតែគ្រងរាជសម្បត្តិ និងការជេរប្រមាថព្រះអង្គ ពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី គឺបានបញ្ជាក់យ៉ាងច្បាស់ថា ការមិនឱ្យតម្លៃរបបរាជានិយមសូម្បីតែបន្តិច បើខ្លួនបានដឹកនាំប្រទេស ជននេះនឹងផ្លាស់ប្តូររបប ព្រមទាំងរំលំរំលាយរបបរាជានិយមចោលជាក់ជាមិនខាន។ តាមការវិភាគរបស់អ្នកតាមដាននយោបាយនៅកម្ពុជា សុទ្ធតែមើលឃើញដូចៗគ្នាថា ទណ្ឌិតក្បត់ជាតិរូបនេះ មិនគោរពអង្គព្រះមហាក្សត្រ ក៏ព្រោះតែមានគំនុំសងសឹកតពីឪពុករបស់ខ្លួន។ គួររំលឹកថា ឪពុក សម រង្ស៊ី ធ្លាប់ក្បត់នឹងព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ហើយត្រូវបានជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ថាជាជនក្បត់ជាតិ។ សម រង្ស៊ី ចង់សងសឹកនឹងព្រះបរមរតនកោដ្ឋ ជាយូរយារណាស់មកហើយ ប៉ុន្តែជននេះមិនមានឱកាស។ ដូច្នេះហើយពេលនេះ ប្រហែលជាជននេះយល់ថា ខ្លួនជិតមានលាភធំ បានមកដឹកនាំប្រទេស ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ ទើប សម រង្ស៊ី ថ្លើមធំហ៊ានវាយប្រហារអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបែបនេះ។ ប៉ុន្តែពិតជាគួរឱ្យសោកស្តាយណាស់ ការស្រមើស្រមៃចង់ដណ្តើមអំណាចរបស់ជនក្បត់ជាតិរូបនេះ មិនមែនទើបតែមាននៅពេលនោះទេ។ មេចលនាឧទ្ទាមក្រៅច្បាប់រូបនេះ បានរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលច្រើនដងមកហើយ ប៉ុន្តែផែនការដ៏អាក្រក់របស់ជននេះ និងបក្ខពួកត្រូវបានបរាជ័យគួរឱ្យអាមាស់។ ចំពោះការប្រមាថព្រះមហាក្សត្រវិញ ត្រូវបានគេមើលឃើញថា ជនក្បត់ជាតិរូបនេះ គឺបានឈានជើងខុសក្នុងជំហាននយោបាយដ៏ធ្ងន់ធ្ងរ និងជាទង្វើរដ៏ខ្ងង់ខ្លៅបំផុត។ ការជេរប្រមាថអង្គព្រះមហាក្សត្រគឺស្មើនឹងការកាត់ស្ពានចោល ខណៈដែលខ្លួនមិនទាន់ទាំងបានឆ្លងផង។ ប្រហែលជនក្បត់ជាតិ​រូបនេះ ភ្លេចហើយថា អង្គព្រះមហាក្សត្រ បានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការសម្របសម្រួល និងលើកលែងទោសឱ្យខ្លួន ព្រមទាំងបក្ខពួកជាច្រើនលើកច្រើនសារមកហើយ។ ហើយបើសិនជាសូម្បីតែអង្គព្រះមហាក្សត្រ ដែលធ្លាប់លើកលែងទោសឱ្យខ្លួន និងបក្ខពួកក៏ សម រង្ស៊ី ហ៊ានជេរប្រមាថមាក់ងាយដែរនោះ តើទៅថ្ងៃមុខទៀត សម រង្ស៊ី នឹងរំពឹងអ្វីទៀត?

គេនៅចាំមិនភ្លេចថា ទោះបីជនក្បត់ជាតិ សម រង្ស៊ី នេះធ្លាប់បានមាក់ងាយ ប្រមាថ លាបពណ៌ វាយប្រហារទៅលើលោក ហ៊ុន សែន ច្រើនលើកច្រើនសារក៏ដោយ ក៏លោកនៅតែមានមេត្តា ដើម្បីផ្សះផ្សារជាតិ លោកបានអត់ឱនឱ្យជនក្បត់ជាតិនេះជាបន្តបន្ទាប់ តាមរយៈការទូលស្នើសុំព្រះមហាក្សត្រឱ្យប្រទានការលើកលែងទោសឱ្យជននេះ។ លោក ហ៊ុន សែន តែងតែយោគយល់អធ្យាស្រ័យ នៅពេលដែលជននេះ សរសេរលិខិតសុំទោសដល់រូបលោក ប៉ុន្តែលើកនេះមិនដូចលើកមុនៗទេ លោកនាយករដ្ឋមន្ត្រី គោរពអង្គព្រះមហាក្សត្រខ្លាំងណាស់ ហើយលោក ហ៊ុន សែន នេះហើយ ដែលជាអ្នកផ្តួចផ្តើមឱ្យមានរបបរាជានិយមសារជាថ្មី បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ។ អ្វីដែលទណ្ឌិតល្ងីល្ងឺ សម រង្ស៊ី កំពុងតែធ្វើនៅពេលនេះ គឺវាធ្ងន់ធ្ងរពេក ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ទណ្ឌិតក្បត់ជាតិអាចប៉ះអ្នកណាបាន តែប៉ះពាល់ដល់មេ​ដំបូល​ប្រទេសជាតិ សូម្បីតែលោក ហ៊ុន សែន ក៏មិនអាចអត់ឱនចំពោះការប្រមាថអង្គព្រះមហាក្សត្រដែលជននេះ បាននឹងកំពុងតែធ្វើដែរ។ លោក ហ៊ុន សែន ធ្លាប់បានស្បថនៅមុខព្រះភ័ក្រ្តព្រះបរមរតនកោដ្ឋ​ នៅទីក្រុងប៉េកាំងហើយថា លោកនឹងថែរក្សាការពារអង្គព្រះមហាក្សត្រ ថែរក្សាសម្តេចម៉ែ ថែរក្សាព្រះរាជវង្ស និងថែរក្សារបបរាជានិយមឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃក៏ដោយ។ លោកនឹងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ មកបំពារបំពានលើអង្គព្រះមហាក្សត្របានឡើយ។

ប្រជាពលរដ្ឋខ្មែរដែលធ្លាប់បានឆ្លងកាត់ របបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយ លន់ នល់ ក្រោយធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេច នរោត្តម សីហនុ និងប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ ដ៏ឃោឃៅដែលដឹកនាំដោយ ប៉ុល ពត គឺសុទ្ធតែបានដឹងនឹងស្គាល់នូវរស់ជាតិដ៏សែនល្វីងជូរចត់នៅក្នុងរបបទាំងពីរខាងលើនេះហើយ។ របប លន់ នល់ និង ប៉ុល ពត គឺសុទ្ធតែជារបបដែលគ្មានអង្គព្រះមហាក្សត្រសោយរាជ។ របបទាំងពីរនេះ បានផាត់ចោលតម្លៃ និងតួនាទីអង្គព្រះមហាក្សត្រ ពួកគេបានរំលំរំលាយរបបរាជានិយម ហើយជាលទ្ធផលគឺរបបទាំងនេះ មិនបានស្ថិតស្ថេរគង់វង្សយូរអង្វែងឡើយ។ របបទាំងពីរនេះ បានដួលរលំទៅវិញក្នុងរយៈពេលដ៏ខ្លី។ ដោយមានការផ្តួចផ្តើមគំនិត និងការគិតគូបានគ្រប់ជ្រុងជ្រោយ ពីបុរសខ្លាំង ហ៊ុន សែន បានធ្វើឱ្យរបបរាជានិយមរស់ឡើងវិញ ហើយដោយសារតែម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រនេះហើយ ដែលបានរួមចំណែកឱ្យព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គង់វង្សស្ថិតស្ថេរ ក្រោមម្លប់នៃសុខសន្តិភាពអស់រយៈពេលជាង២០ឆ្នាំមកហើយ។ អ្នកដឹកនាំប្រទេសជាតិបច្ចុប្បន្ន មិនដែលមើលរំលងនូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរនោះទេ ដោយសារតែលោក ហ៊ុន សែន មានការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះហើយ ទើបលោកអាចដឹកនាំ និងកាន់ចង្កូតនាវាកម្ពុជារហូតមកដល់ពេលនេះ។ ក្រៅពីសុខសន្តិភាពក្រោមការដឹកនាំរបស់បុរសខ្លាំង កម្ពុជាបច្ចុប្បន្នបានកំពុងមានការអភិវឌ្ឍទៅមុខឥតឈប់ឈរ។

ជារួមគំនិត និងជំហរនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី គឺនៅខ្សោយ និងអន់ជាងលោក ហ៊ុន សែន ឆ្ងាយណាស់។ សម រង្ស៊ី កំពុងតែដើរទៅរកផ្លូវអន្តរាយទាំងងងើល មិនដឹងខ្លួន។ ហើយអ្នកដែលកំពុងតែដើរតាមជនក្បត់ជាតិរូបនេះ ក៏ត្រូវតែពិចារណាផងដែរថា ការប្រមាថព្រះមហាក្សត្ររបស់ជននេះ គឺស្មើនឹងប្រកាសធ្វើជាសត្រូវនឹងរបបរាជានិយម។​ អ្នកដែលកំពុងតែដើរតាមជននេះ គឺស្មើនឹងកំពុងតែប្រមាថព្រះមហាក្សត្រដូចគ្នា។ ត្រូវដឹងថា គំនិតរបស់ជនក្បត់ជាតិរូបនេះ មិនមែនត្រឹមតែមហិច្ឆតាដណ្តើមអំណាចនោះទេ តែគេមានគំនុំសងសឹកលើព្រះមហាក្សត្រ។ ដូច្នេះហើយ ប្រសិនបើគេដឹកនាំប្រទេស អង្គព្រះមហាក្សត្រ និងខ្សែររាជវង្សប្រាកដជាមិនបានសុខឡើយ។ សរុបមកជននេះ កំពុងតែអនុវត្តផែនការរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរំលាយរបបរាជានិយមចោល ដូចដែលឪពុករបស់ខ្លួនធ្លាប់បានធ្វើ និងជាប់ឈ្មោះជាជនក្បត់ជាតិតពូជដូច្នេះដែរ៕

ដោយ៖ ស ជាតិ

 

 

 

ចែករំលែក

បញ្ចេញយោបល់