អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានវិធានការដើម្បីជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ

ថ្ងៃចន្ទ ទី ២៣ កញ្ញា ២០១៩​
5

បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានចុះទៅពិនិត្យមើលស្ថានភាពទឹក នៅស្រុកស្វាយចេក ទីតាំងអាងអន្លង់រុត ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ដែលស្ថានភាពទឹកបានហក់ឡើងខ្លាំងពីផ្លូវជាតិលេខ៥៦ ចូលទៅកាន់អាងអន្លង់រុត លើកំណាត់ផ្លូវទឹកហូរកាត់ និងស្រូវនៅទីតាំងនោះដែលធ្វើអោយលិចលង់មួយចំនួន តែមិនទាន់ច្បាស់ពីការខូចខាតជាក់ស្តែងនៅឡើយទេ។

ដោយឡែកនៅឯឃុំស្លរក្រាម ផ្លូវចូល ភូមិទ័ពសៀម និងផ្លូវចូលវត្តស្លរក្រាម ដែលទទួលលំហូរទឹកខ្លាំងពីអាងអន្លង់រុតនោះ ដោយសារស្ថានភាពផ្លូវកាត់មុខទឹកហូរមកមានស្ពាន និងលូកាត់ទទឹងផ្លូវតិចកន្លែង ធ្វើអោយស្ទះទឹកជន់ឡើងលិចភូមិ និងផ្ទះប្រជាពលរដ្ឋប្រមាណ១៦គ្រួសារ ក្នុងភូមិទ័ពសៀមដែលរស់នៅជាប់ផ្លូវ។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សូមមានវិធានការត្រៀមកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលនឹងអាចទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងភូមិសាស្ត្រខ្លួន៕

ចែករំលែក

បញ្ចេញយោបល់