អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត

ថ្ងៃចន្ទ ទី ២៣ កញ្ញា ២០១៩​
4

ត្បូងឃ្មុំ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងមាតាបិតា កូនៗ និងអភិបាល អភិបាលរងស្រុកត្បូងឃ្មុំ បានអញ្ជើញទៅចូលរួមដាក់បិណ្ឌវេនទី៩ នៅវត្តសុវណ្ណបុទុមវត្តី
ហៅវត្តរការឃ្នួច ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងនូវសមិទ្ធិផលយ៉ាងច្រើន ដែលបានកសាងផុសរូបរាងឡើង គឺច្បាស់ណាស់ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍនូវគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ ហើយត្រូវបានប្រជាពលរដ្ឋធ្វើឡើងគ្រប់ទីវត្តអារាមទូទាំងប្រទេសប្រកបដោយស្នាមញញឹម។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តយុទ្ធសាស្ត្រឈ្នះៗ ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរទទួលទានបានដោយសេរី ធ្វើឲ្យមានជីវភាពធូរធារ ទើបពលរដ្ឋមានលទ្ធភាព និងឱកាសធ្វើបុណ្យនានាជុំបងប្អូន ដោយសប្បាយរីករាយបែបនេះ ពិសេសពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។

លោកអភិបាលខេត្តត្បូងឃ្មុំ សុំឲ្យប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរលើនាវាសុខសន្តិភាព ឆ្ពោះទៅកាន់ត្រើយការអភិវឌ្ឍន៍ និងត្រូវប្រឆាំងរាល់ទង្វើជនអគតិទាំងអស់ ដែលចង់ឲ្យកម្ពុជា មានសង្គ្រាមជាថ្មីម្ដងទៀត ជាពិសេសជនក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមធំហ៊ានប្រមាថដល់ព្រះមហាក្សត្រ។

ក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមទាំងក្រុមគ្រួសារ ក៏បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិការចំនួន៥លាន២សែនរៀល ទៅប្រគេនជូនវត្តរការឃ្នួច សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋផងដែរ៕

ចែករំលែក

បញ្ចេញយោបល់