សិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ២៥រាជធានី/ខេត្ត

ថ្ងៃសៅរ៍ ទី ២១ កញ្ញា ២០១៩​
10

ប៉ៃលិន៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាព លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញញជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ មកពីបណ្តារាជធានីខេត្តទាំង ២៥ខេត្តផងដែរ។
លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាពេលនេះ មានសារៈសំខាន់ណាស់ក្នុងការជំរុញ និងលើកកម្ពស់ដល់ស្រ្តី ក្នុងការចូលរួមរាល់គ្រប់សកម្មភាពក្នុងសង្គម និងលើកកំពស់ដល់ស្ត្រីដែលជាអ្នកដឹកនាំនៅតាមស្ថាប័នរបស់រដ្ឋនិងថ្នាក់ក្រោមជាតិផងដែរ។ ម្យ៉ាងវិញទៀត ឆ្លើយតបទៅនឹងសកម្មភាពក្នុងការចូលរួមអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្នុងវិស័យ ICT នៅកម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំកម្ពុជាអោយមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបច្ចុប្បន្នវិស័យទូរគមនាគមន៍ពិតជាមានសារៈសំខាន់ណាស់ក្នុងវិស័យទំនាក់ទំនងការងារនិង ព័ត៌មានជាសកល ។ ដូច្នេះតាមរយៈសិក្ខាសាលាពលនេះសិក្ខាកាមទាំងអស់ អាចបង្កើនសមត្ថភាពយល់ដឹងបន្ថែមទៀត ជាពិសេសការចែករំលែក នូវបទពិសោធន៍ ល្អៗរបស់វាគ្មិនរបស់ក្រសួងកិច្ចការនារី ។ លោកអភិបាល ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ត្រីជំនាញជំវិញ ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់លើកកំពស់ដល់ស្ត្រីក្នុងការចូលរួមគ្រប់សកម្មភាពសង្គម ពិសេសត្រូវពង្រឹងសមភាពយេនឌ័រនៅក្នុងអង្គភាពរបស់ខ្លួនអោយបានរឹងមាំថែមទៀត ។

លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយេនឌ័រ បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាព និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងសកលលោកនិងនៅកម្ពុជា ផ្សព្វផ្សាយអនុសាសន៍ ១១ចំណុចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន និង អនុសាសន៍ ៤ចំណុច របស់លោកស្រី បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និង បង្ហាញអំពីសកម្មភាពការងារក្នុងការជម្រុញលើកទឹកចិត្តឲ្យស្រ្តីសកម្មក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ព្រមទាំងកំណត់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងអនុសាសន៍ ដែលឆ្លើយតបនឹងការលើកទឹកចិត្តឱ្យមន្ត្រីរាជការជានារីសកម្មចូលរួមក្នុងការងារក៏ដូចជាការផ្តល់ឱកាសឲ្យស្ត្រីទទួលបាននូវតួនាទីភារកិច្ច ធ្វើសេចក្តីសម្រេចឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រីក៏បានបន្ត ថា បច្ចុប្បន្ននេះនៅក្នុងសង្គមកម្ពជាគេបាននឹងកំពុងអោយតម្លែទៅលើស្ត្រីលើកការងារផ្សេងៗ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់និងលើកទឹកចិត្តដល់ ស្ត្រីអោយធ្វើការងារទាំងផ្នែករដ្ឋនិងឯកជនផងដែរ ។ម្យ៉ាងវិញទៀតស្ត្រីកាន់តែមានតួនាទីក្នុងវិស័យសេវាសាធារណៈ និងទទួលឋានៈជាថ្នាក់ដឹកនាំ មកដល់អាណត្តិទី៦ ចំនួនស្ត្រី ជាតំណាងរាស្ត្រ សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ជាពិសេសចំនួនរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានកើនឡើងជាបន្តបន្ទាប់ ។ ដូច្នេះតាមរយះសិក្ខាសាលាដែលមានមន្ត្រីរាជការ មកពីបណ្តារាជធានីខេត្ត២៥ទាំងអស់នឹងទទួលបាននូវបទពិសោធន៍និងចំណេះដឹងថ្មីៗដើម្បីចែករំលែកបទពិសោធន៍និងដឹកនាំអង្គភាពរបស់ខ្លួនបានល្អប្រសើរឡើង៕

ចែករំលែក

បញ្ចេញយោបល់