កម្ពុជា​-​សាធារណរដ្ឋ​ឆែក​ ​បន្ត​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ

ថ្ងៃសៅរ៍ ទី ២១ កញ្ញា ២០១៩​
7

នៅក្នុងជំនួបពិភាក្សា​នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ(កន្ទោក) រវាងឧត្តម​សេនីយ៍ឯក​ ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក ក្នុងនាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៏យ៉ាងរាក់ទាក់ ស្និទ្ធស្នាល និងកក់ក្តៅ ចំពោះ លោក Marek Libricky ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ក្នុងការអញ្ជើញមកបំពេញដំណើរទស្សនកិច្ចនៅ​កម្ពុជា​ ព្រមទាំងបានទស្សនកិច្ចសិក្សា ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នាយទាហាន នៃបញ្ជាការដ្ឋាន​កងទ័ពជើងគោកពេលនេះថា ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញភាពល្អប្រសើរឡើង​ នូវទំនាក់ទំនងរវាងកងទ័ព ប្រជាជនប្រទេសទាំងពីរកម្ពុជា​ និងសាធារណរដ្ឋឆែក បន្ទាប់ពីប្រទេសទាំងពីរបានខកខាននូវកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា អស់មួយរយៈពេល​កន្លង​មក។

នាឱកាសនោះដែរ​ លោក ប្រាក់ សុវណ្ណា បានបន្តទៀតថាកម្ពុជា និងសាធារណរដ្ឋឆែក ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិ​បត្តិការជាមួយគ្នាជិត៦០ឆ្នាំមកហើយ គឺតាំងពីព្រះបរម្យរតនកោដ្ឋ ព្រះបាទព្រះនរោត្តម ស៊ីហនុ ​មក​ម្លេះ។ លោក ប្រាក់ សុវណ្ណា ក៏បានគូសបញ្ជាក់ជូនភ្ញៀវបានជ្រាបផងដែរថាចាប់តាំងពីប្រទេសកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានកសាងប្រទេសពីបាតដៃទទេរ និងពីគំនរផេះផង់ ក្នុងដំណើរផ្លូវវែងឆ្ងាយរហូតដល់មានអ្វីៗគ្រប់យ៉ាងលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ​និងការអភិវឌ្ឃន៏លើគ្រប់វិស័យ។

ជាការឆ្លើយតប លោក Marek Libricky បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប្រាក់ សុវណ្ណា និងនាយទាហានជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទពជើងគោកទាំងអស់ ដែលបានទទួលស្វាគមន៏រូបលោក និងសហការីយ៉ាងកក់ក្តៅនាពេលនេះ។ លោក Marek Libricky បានបញ្ចាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យបានល្អប្រសើរបន្ទាប់ពីបានខកខានមួយរយៈ។ ឯកអគ្គរដ្ឋទូតក៏បានសម្តែងការកោតសរសើរ និងអបអរសាទរចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា គួរឲ្យកត់សម្គាល់ ព្រមទាំងបានសន្យាខិតខំបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា​ សាធារណរដ្ឋឆែក រឹងមាំ និងបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឃន៏ប្រទេស ៕

ចែករំលែក

បញ្ចេញយោបល់