ម៉ូតូ ៣៨គ្រឿងត្រូវបានប្រគល់ជូនសិស្សានុសិស្សនិទ្ទេសA ចំនួន ៣៨នាក់ក្នុងខេត្តសៀមរាប

ថ្ងៃសុក្រ ទី ២០ កញ្ញា ២០១៩​
8

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដល់សិស្សានិសិស្សដែលប្រឡងបាននិទ្ទេស A និងនិទ្ទេសB ក្រោមអធិបតីភាពលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងលោក ទៀ បាញ់ ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។

លោកអភិបាលខេត្ត បានបញ្ជាក់ថា មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ សម្រាប់មណ្ឌលសៀមរាប មានបេក្ខជនប្រឡង ចំនួនសរុប ៨ពាន់៤២៨នាក់ មានស្រី ៤ពាន់៦៨៩នាក់ មាន១៣ មណ្ឌល នៅក្នុងក្រុងសៀមរាប ស្មើ ៣៨៤បន្ទប់ ដោយចែកចេញជា២ផ្នែក គឺ ផ្នែកវិទ្យាសាស្ត្រពិត មាន៤មណ្ឌល ស្មើនឹង ១១៨បន្ទប់ មានបេក្ខជនចំនួន ២ពាន់៩៤៤ នាក់ មានស្រី ចំនួន ១ពាន់៧០៧ នាក់ និង ផ្នែកវិទ្យាសាស្ត្រសង្គម មាន០៩មណ្ឌល ស្មើនឹង១៣០ បន្ទប់ មានបេក្ខជនចំនូន៥ពាន់៧៧០នាក់ និង អវត្តមានមិនមកប្រឡង ចំនួន ៦៤នាក់។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន៦ពាន់៥១១នាក់ ស្រី៣ពាន់៧៦៣នាក់ ស្មើនឹង៧៧,២៦% ក្នុងនោះស្រី ៨០,០៨%។ ក្នុងនោះសិស្សដែលប្រឡងបាននិទ្ទេស A ចំនួន៣៨នាក់ស្រី១៥នាក់ និទ្ទេស B ចំនួន១៩០នាក់ ស្រី១០៥នាក់ ,និទ្ទេស Cចំនួន ៤៧៤នាក់ ស្រី២៩៤នាក់ និង Dចំនួន១ពាន់៣១៤នាក់ ស្រី៨២៨នាក់ និង និទ្ទេសE ចំនួន៤ពាន់៤៩៥នាក់ ស្រី២ពាន់៥២១នាក់។

លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ ព្រមទាំងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និង បរិស្ថាន អនាម័យនៅតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រខ្មែរយើង ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សូមកុំឲ្យចាំតែមើលបណ្តាំគ្នាគឺចូលរួមជាកម្លាំងសាមគ្គីដើមី្បផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋក្នុងខេត្តទៀតផង។

លោក អ៊ុក គឹមលេខ ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩នេះ គឺជាលទ្ធផលសុក្រិត្យ យុត្តិធម៌សម្រាប់ក្មួយៗ និងជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា លើវិស័យអប់រំសិក្សាក្នុងពង្រឹងគុណភាពអប់រំនៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាព ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យដល់លោកគ្រូ អ្នកគ្រូ លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានាគុណភាពអប់រំ តាមសាលារៀន ចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលខុស ឆ្គងកន្លងមកចំពោះសិស្ស សំដៅឲ្យមានភាពរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសនានា នៅលើពិភពលោក។

លោក ក៏បានផ្តល់នូវដំបូលន្មានល្អៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះសម្រាប់សិស្សគ្រប់រូប ត្រូវខិតខំបន្តការសិក្សា របស់ខ្លួន និងបានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងចាប់យកការសិក្សាជាកត្តាចំបង ដែលស្ពានចម្លងនូវវាសនា និងក្រុមគ្រួសាររបស់ខ្លួន បានទៅដល់ត្រើយសុភមង្គល ព្រោះនេះជាពេលវេលាមាសប្រាក់របស់ក្មួយៗ មិនត្រូវយកពេលវេលាមាសប្រាក់នេះទៅធ្វើអ្វីដោយឥតប្រយោជន៍នោះឡើយ ព្រមទាំងចូលរួមគ្រប់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងត្រូវប្រកាន់នូវឥរិយាបថឲ្យបានល្អ មិនត្រូវស្តាប់នូវពាក្យនៃការញុះញង់របស់ក្រុមជនអកតិប្រឆាំងផ្កាប់មុខមួយចំនួនដែលនាំឲ្យក្មួយៗធ្លាក់ចូលទៅនឹងនយោបាយក្បត់ ជាតិ ដែលធ្វើឲ្យខូចនូវអនាគតរបស់ក្មួយៗទៀតផង៕

ចែករំលែក

បញ្ចេញយោបល់