តើហេតុអ្វីការប្រជុំនៅទីក្រុង ឡូវែល រដ្ឋម៉ាឆាឈូសេត បាត់មុខតួឯក?

ថ្ងៃសុក្រ ទី ២០ កញ្ញា ២០១៩​
15

កិច្ចប្រជុំមួយដែលបានកំណត់ធ្វើជាលើកចុងក្រោយនៅទីក្រុងឡូវែល រដ្ឋម៉ាហ្សាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ហើយដែលអ្នតគាំទ្ររបស់ខ្លួនយល់ឃើញថា វាមានសារៈសំខាន់បំផុត ក្នុងការវាយរម្លៃស្ថានការនយោបាយចុងក្រោយរបស់ពួកចលនាឧទ្ទាមក្រៅច្បាប់ និងការសម្រេចអនុវត្តតាមការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីវិលត្រឡប់ចូលស្រុកវិញនោះ បែរជាមិនបានឃើញវត្តមានរបស់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ទៅវិញ។  អវត្តមានរបស់ សម រង្ស៊ី ក្នុងកិច្ចប្រជុំនោះ វាពិតជាបាននិងកំពុងបង្កើតឱ្យមានការមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ពិសេសពីសំណាក់អ្នកស្ម័គ្រស្លាប់របស់តែម្តង។ តើហេតុអ្វីការប្រជុំនោះ បានជាបាត់មុខតួឯកដ៏សំខាន់ក្នុងសាច់រឿងដ៏សំខាន់បំផុតក្នុងពេលនោះ? តើនោះអាចជាផែនការដកថយរបស់ សម រង្ស៊ី ទេឬ?

ជាការពិត កិច្ចប្រជុំនេះមានសារសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំនៃចលនាឧទ្ទាមក្រៅច្បាប់ ពិសេស សម្រាប់អ្នកគាំទ្រ និងពួកអ្នកស្ម័គ្រស្លាប់របស់ខ្លួន ដែលបានទន្ទឹងរងចាំការថ្លែងឱ្យប្រាកដច្បាស់ និងជាការសម្រេចចុងក្រោយសម្រាប់ការវិលត្រឡប់របស់មេចលនាឧទ្ទាមក្រៅច្បាប់។ ហើយការប្រជុំនេះ មានសារសំខាន់​បំផុតក្នុងការកំណត់ផែនការប្រមូលកម្លាំងសរុប ការបញ្ជាកម្លាំង និងថវិកា ដែលចាំបាច់បំផុតក្នុងផែន​ការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី តែម្តង។ ក៏ប៉ុន្តែ ទីបំផុតវាមានហេតុផលដ៏គួរឱ្យមានការសង្ស័យជាច្រើនជុំវិញការបាត់មុខតួឯកក្នុងកិច្ចប្រជុំដ៏សំខាន់មួយនោះទៅវិញ។ រឿងពិតប្រាកដនោះ ក៏ដោយសារវាគ្មានការគាំទ្រពីទី១៖ កិច្ចប្រជុំនោះ ត្រូវបានគេតម្រូវឱ្យមានអ្នកចូលរួមឱ្យបាន ១០០០អ្នក ក៏ប៉ុន្តែជាក់ស្តែងអ្នកដែលបានទៅចូលរួម មានចំនួនតិចជាងមួយរយនាក់ ដែលមិនបានឆ្លើយតបតាមការរំពឹងទុក ទី២៖ ប្រសិន​បើមេចលនាឧទ្ទាមនោះ ទៅចូលរួមក្នុងកិច្ចប្រជុំនោះ វានឹងទទួលការអាម៉ាស និងបាក់មុខយ៉ាងខ្លាំងបំផុត ដោយតែសំណួរសួរដេញដោលជុំទិសក្នុងកិច្ចប្រជុំនោះ ដែលខ្លួននឹងពិបាកឆ្លើយឱ្យប្រាកដច្បាស់ អំពីការសម្រេចចិត្តថា តើនឹងវិលត្រឡប់ចូលស្រុកវិញតាមកាលកំណត់ ឬយ៉ាងណា? បើវិលចូលស្រុក តើហ៊ានប្រឈមមុខនឹងខ្នោះ ដាក់គុក តាមរយៈការអនុវត្តវិធានការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលដែរឬទេ? តើពិតជាក្លាហ៊ានទៅចាប់លោកនាយករដ្ឋមន្រ្តីឬទែ? តើពិតជាហ៊ានទទួលយកមធ្យោបាយបង្ហូរឈាមមែនឬ? តើអ្នកគាំទ្រប្រាកដជាហ៊ានស្ម័គ្រស្លាប់ជាមួយឬទេ?។ល។ ដែលសុទ្ធសឹងជាសំណួរចាក់ដោតចំៗ ដែលមេចលនាឧទ្ទាមមិនហ៊ានទៅប្រឈមនឹងសំណួរទាំងនោះទេ។ ជាក់ស្តែង មេចលនាឧទ្ទាមមិនបានទៅទេ តែខ្លួនបានធ្វើការរឆ្លើយឆ្លងតាមស្កាយទៅវិញ ហើយគេឃើញតែ ជូឡុង សូមួរ៉ា ចូលរួមទៅវិញ ដែលមើលទៅហាក់ដូចជាសោះកក្រោះជាទីបំផុត។

ដូច្នេះ អវត្តមាន ឬការបាត់មុខរបស់មេចលនាឧទ្ទាមពីកិច្ចប្រជុំនោះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់​នូវផែនការដកថយយ៉ាងប្រាកដរបស់មេចលនាឧទ្ទាមក្រៅច្បាប់នេះ។ មូលហេតុក៏ព្រោះតែទី១៖ មេចលនាឧទ្ទាមបានវាយតម្លៃយ៉ាងច្បាស់ថា វានឹងគ្មានការគាំទ្រពីមជ្ឈដ្ឋានជាតិនិងជាតិ ក្នុងផែនការទៅផ្តួលរំលំរាជរដ្ឋាភិបាល ឬ ទៅចូលរួមការញុះញង់ និងបំផុសបំផុលឱ្យមានអំពើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់បានឡើយ។ ទី២៖ មេចលនាឧទ្ទាមបានដឹងច្បាស់ថា សមត្ថកិច្ចនឹងអនុវត្តវិធានការផ្លូវច្បាប់ចាប់វៃខ្នោះ មេឧទ្ទាម សម រង្ស៊ី បញ្ចូលគុកភ្លាមតែម្តង ព្រោះនោះ គឺជាជំហរដាច់ខាតរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញរួចជាស្រេចហើយថា បើទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវចាប់វៃខ្នោះ និងដាក់គុកតែម្តង ហើយជនទាំង​ឡាយ​ណាដែលបានចូលរួមក្នុងសកម្មភាពញុះញង់ និងបំផុសបំផុលជាមួយនឹងក្រុមចលនាឧទ្ទាមក្រៅច្បាប់នឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់។

បើទោះបីគេឃើញ គណៈអចិន្ត្រៃយ៍នៃចលនាឧទ្ទាមក្រៅច្បាប់នោះ បានចេញសេចក្តីសម្រេចប្រាំចំណុចរបស់ខ្លួន ដើម្បីរៀបចំរបស់ដែលហៅថា ផែនការជាយុទ្ធសាស្រ្តចូលស្រុករបស់មេឧទ្ទាម និងថ្នាក់ដឹក​នាំ​ឧទ្ទាមក្រៅច្បាប់នោះក៏ដោយក៏មជ្ឈដ្ឋានជាតិ និងអន្តរជាតិនៅតែមើលឃើញមានមន្ទិលសង្ស័យជាច្រើនដែលបានបង្ហាញយ៉ាងច្បាស់ថា មេចលនាឧទ្ទាមក្រៅច្បាប់មួយនេះនឹងមិនហ៊ានវិលត្រឡប់ចូលស្រុកវិញទេ អាស្រ័យដោយបុគ្គលនេះ ជាជនមហាកំសាកបានរត់គេចចេញពីសំណាញ់ច្បាប់ជាដរាបរហូតមក ហើយមេចលនាឧទ្ទាមក្រៅច្បាប់មួយនេះនៅតែប្រើប្រាស់វោហាសាស្រ្តអណ្តាតរលាស់គ្មានការទទួលខុសត្រូវ ដោយប្រើយុទ្ធសាស្រ្តមេស្វានឹងកូនស្វាឱ្យចូលទៅជាប់ក្នុងទ្រុងជំនួសខ្លួន គឺឱ្យអ្នកគាំទ្ររបស់ខ្លួនទៅជាប់គុក រងគ្រោះ​ជំនួសខ្លួន ក្នុងចលនាញុះញង់ និងបំផុសបំផុលឱ្យមានអំពើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋភិបាលស្របច្បាប់ទៅវិញ។

ហើយក្នុងសេចក្តីសម្រេចដ៏ឆ្កួតលីលា ដែលពួកគេអួតអាងអំពីការត្រៀមផ្តល់ថវិកាជូនកងទ័ពដែលនឹងផ្តាច់ខ្លួនចេញពីលោកនាយករដ្ឋមន្រ្តី គឺឧបាកលដ៏ស្មោគគ្រោកបង្កើតឱ្យមានការបែកបាក់ជាតិ ក្នុងចេនាទុច្ចរិតញុះញង់ និងបំផុសបំផុលឱ្យមានការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ផ្ទុយពីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្ទុយនឹងឆន្ទៈរបស់ប្រជាជនជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនានៃប្រទេសជាតិ ដែលអ្នកបោះឆ្នោតជាង៨៣.០២% បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេស ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែនជាប្រមុខ។

ជារួម មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានយល់កាន់តែច្បាស់ថា មេចលនាឧទ្ទាមក្រៅច្បាប់នឹងមិនហ៊ានចូលស្រុកតាមការសន្យារបស់ខ្លួននោះឡើយ ដោយសារបុគ្គលរូបនេះ បានដឹងច្បាស់ថា ទោះក្នុងតម្លៃណាក៏ដោយ សមត្ថកិច្ចនឹងចាប់ខ្លួន និងញាត់គុកតែម្តង ពេលណាបុគ្គលរូបនេះបានជាន់ដីខ្មែរ។ ម្យ៉ាងវិញទៀត បុគ្គលជាទណ្ឌិតរូបនេះបាននិងកំពុងដើរធ្លាក់ចូលក្នុងមហាជ្រោះមរណៈខាងនយោបាយដោយខ្លួនឯង បញ្ចប់ជីវិតនយោបាយដោយខ្លួនឯង ដោយសារទង្វើចុងក្រោយរបស់ខ្លួននេះ ជាពិសេស ថ្លើមពាសមេឃ ហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ដែលប្រជារាស្រ្តក្នុងនគរនេះបានចាត់ទុកព្រះមហាក្សត្រ ជាម្លប់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុតរបស់ប្រជារាស្រ្តខ្មែរ។ ដូច្នេះ ការបាត់មុខ ឬ អវត្តមានរបស់តួឯកក្នុងកិច្ចប្រជុំនៃគណអចិន្ត្រៃយ៍នៃចលនាឧទ្ទាមក្រៅច្បាប់កាលពីថ្ងៃទី១៣-១៤ កញ្ញា នៅទីក្រុងឡូវែល គឺវាមិនមែនជាអចតនារបស់មេចលនាឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការពិតការរៀបចំផែនការដកថយទាំងស្រុង ដោយមិនហ៊ានវិលត្រឡប់ចូលស្រុកតាមការសន្យានោះឡើយ៕

 

ដោយ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់