មន្ត្រីកាំកុងត្រូល បង្កើនការត្រួតពិនិត្យទំនិញនៅតាមទីផ្សារ ដើម្បីលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់

ថ្ងៃព្រហស្បតិ៍ ទី ១៩ កញ្ញា ២០១៩​
11

ប៉ៃលិន៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌបានចូលមកដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ សហការជាមួយសមត្ថកិច្ចចម្រុះបង្កើនការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (Test Kit) លើចំណីអារហារបរិភោគ នៅផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលធ្វើអោយប៉ះពាល់សុខភាព និងបង្កជាក្តីបារម្ភយ៉ាងខ្លាំងព្រោះចំណីអាហារខូចគុណភាព និងមានផ្ទុកសារធាតុគីមីបានក្លាយជាឃាតករបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។

លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឱ្យដឹងទៀតថា ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញគ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី ព្រមទាំងធ្វើការធ្វើតេស្តបឋម (Test Kit) គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមីលើចំនីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋនិងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូល បានដកហូតទំនិញខូចគុណភាពនិងហួសសុពលភាពមួយចំនួនពី អាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ នំស្ពោធកញ្ចប់ ចំនួន១៤កញ្ចប់ធំ ស្ករគ្រាប់ចំនួន១២កញ្ចប់ គ្រាប់សណ្តែកបំពងចំនួន១កញ្ចប់ធំ មីឡូកញ្ចប់ចំនួន២កញ្ចប់ធំ សរុប៨៧០គីឡូក្រាម៕

ចែករំលែក

បញ្ចេញយោបល់