លោក វ៉ី សំណាង ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តកល្យព្រឹក

ថ្ងៃព្រហស្បតិ៍ ទី ១៩ កញ្ញា ២០១៩​
7

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានមូលមតិគ្នាជាឯកច្ឆ័ន្ធចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី០៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តកកល្យព្រឹក នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងពិធីកាន់បិណ្ឌវេនទី០៦នេះ លោក វ៉ី សំណាង ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ក៏បានប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ វេរទេយ្យវត្ថុ ភត្តាហារ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ធអ្នកមានគុណ បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន ដែលបានមរណៈទៅកាន់បរលោកផងដែរ។

សូមជម្រាបថា៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា។ ដែលថ្នាក់ដឹកនាំនានា ជាពិសេសលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែដឹកនាំមន្រ្តីរាជការក្រោមឱវាទ ប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាមនានាជារៀងរាល់ឆ្នាំ។

ស្របពេលជាមួយនិងប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគទៅវេរប្រគេនព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក៕

ចែករំលែក

បញ្ចេញយោបល់