លោកស្រី ភឿង សកុណា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-ព្រះវិហារ

ថ្ងៃព្រហស្បតិ៍ ទី ១៩ កញ្ញា ២០១៩​
7

ព្រះវិហារ : គណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយសីុសីុ-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយសីុសីុ-ព្រះវិហារ លោក ZHOU Jiagui តំណាងរដ្ឋាភិបាលចិន និងលោកស្រី Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា។

ជាមួយគ្នានោះ ក៏មានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់សហរដ្ឋអាមេរិច និងអ្នកជំនាញការជាតិ អន្តរជាតិ លើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។

ប្រធានបទដែលអ្នកជំនាញជាតិ បានលើកយកមកពិភាក្សារួមមាន (១)លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារ (២)ការអប់រំបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ (៣)ការសិក្សាប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានកោះកែរ (៤)ការអភិរក្សប្រាសាទថ្មបាយក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ (៥)ការរៀបចំផែនទីហានីភ័យនៅរមណីយដ្ឋានកោះកែរ និង(៦) របាយការណ៍វឌ្ឍនភាពអំពីការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។

ចំពោះប្រធានបទដែលដៃគូអន្តរជាតិ បានបង្ហាញមានជាអាទិ៍៖ (១)គម្រោងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដោយភាគីចិន (២)ការអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា (៣)បទបង្ហាញអំពីវឌ្ឍនភាពគម្រោងអភិរក្សបដិមាព្រះសិវៈរាំនៅប្រាសាទកោះកែរ ដោយអ្នកជំនាញសាលាបារាំងចុងបូព៌ា និងលោក ឆាន់ ចំរើន អ្នកជំនាញសារមន្ទីរជាតិភ្នំពេញ (៤)ការសិក្សាស្រាវជ្រាវដោយប្រព័ន្ធរ៉ាដាទៅក្នុងដី៖ អនុវត្តនៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ British Columbia និង(៦) បទបង្ហាញអំពីកម្មវិធី Lidar នៅរមណីយដ្ឋានកោះកែរ ដោយអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី។

គួររម្លឹកថា នៅមុនការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៥នេះ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកជំនាញការអន្តរជាតិទៅកាន់ រមណីយដ្ឋានកោះកែរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីពិនិត្យនិងផ្តល់យោបល់លើលទ្ធផលការងារអភិរក្ស និងអភិវឌ្ឍន៍ដែលបានអនុវត្តកន្លងមកដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ៕

ចែករំលែក

បញ្ចេញយោបល់