យុទ្ឋនាការផ្សព្វផ្សាយអប់រំ ពន្យល់ដល់ម្ចាស់គ្រប់យានយន្តទាំងអស់ចេះស្រលាញ់អាយុជីវិត និងស្អប់ខ្ពើមគ្រោះថ្នាក់ចរាចរ ដោយការបើកបរគោរពច្បាប់ផ្លូវគោកជាធំ

ថ្ងៃព្រហស្បតិ៍ ទី ១៩ កញ្ញា ២០១៩​
51

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរខេត្ត ចាប់ផ្ដើមប្រតិបត្តិការចុះផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្តិភាពចំនួន ១៥០មួក ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ និងលោក ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាល រដ្ឋបាលស្រុកមេមត់ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។

ថ្លែងសំណេះសំណាលជាមួយបងប្អូងប្រជាពលរដ្ឋនៅស្រុកមេមត់នាឱកាសនោះ លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ការចែកមួកសុវត្ថិភាពនាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជួនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនូវពាក់មួកសុវត្ថិភាព។ ជាការពិតណាស់រាជរដ្ឋាភិបាលពិតជាបានគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាព ក្នុងចំណោមប្រជាពលរដ្ឋ សិស្សានុសិស្ស សំដៅកាត់បន្ថយ និងបង្ការការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកបានបញ្ជាក់ថា ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់ ដូច្នេះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពឲ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត ក៏មន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់សហគមន៍ សាលារៀន ទូទាំងខេត្តត្បូងឃ្មុំជាច្រើនដងរួចមកហើយដែរ ដូច្នេះពេលនេះយើង នៅតែបន្តទៀត ជាមួយការផ្សព្វផ្សាយច្បាប់ និងចែកមួកសុវត្ថិភាពផងដែរ។

លោកអភិបាលរង ក៏បានអំពាវនាវដល់បងប្អូនដែលធ្វើដំណើរលើដងផ្លូវទាំងអស់ សូមបើកបរដោយស្មារតី ប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងបានគ្រប់វិនាទីទាំងអស់។

ឆ្លៀតក្នុងឱកាសនេះ លោក និងក្រុមការងារ ក៏បានចែកជូននូវមួកសុវត្ថិភាព ចំនួន ១៥០មួក ដល់បងប្អូនដែលកំពុងធ្វើដំណើរ ដែលពុំមានឃើញពាក់មួកសុវត្ថិភាពចំនួន ១៥០នាក់ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់