ឱកាសបុណ្យភ្ជុំបិណ្ឌ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះសួរសុខទុក្ខកងទ័ពតាមបណ្តោយតំបន់ព្រំដែន កម្ពុជា-ថៃ

ថ្ងៃអង្គារ ទី ១៧ កញ្ញា ២០១៩​
7

ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានចូលរួមទទួលដំណើរលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូជួបសំណេះសំណាលសាកសួរសុខទុក្ខវីរៈយុទ្ធជន និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនកងការពារព្រំដែនគោកលេខ៤០២ ឋិតនៅតំបន់អូរស្មាច់ និងកងការពារព្រំដែនគោកលេខ៤០៣ឋិតនៅតំបន់អន្លុងវែង ចំណុះយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យក្នុងឱកាសអបអរសាទរពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

នៅក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិនានាពី DBSTទៅជាផ្លូវ AC ពីពីរគន្លងទៅបួនគន្លង គម្រោងសិក្សាលទ្ធភាពធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៦៧ ផ្លូវជាតិលេខ៦៨ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលស្គន់ទៅទីរួមខេត្តសៀមរាប គម្រោងបើកការដ្ឋានសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុងដើម្បីដឹកជញ្ជូនផលិតផលទៅកាន់កំពង់ផែទឹកជ្រៅ និងការតភ្ជាប់ផ្លូវដែកឡើងវិញពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនសំដៅបង្កើនសក្កានុពលសេដ្ឋកិច្ច។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបាន លះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងដែលបានផ្តល់នូវសុខសន្តិភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ពិសេសផ្តល់ឱកាសដល់ការស្វែងរកទីផ្សារសម្រាប់ការនាំចេញផលិតផល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យភាពសំបូររុងរឿង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានផ្តល់នូវគ្រឿងឧបភោគបរិភោគរួមមាន៖ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ មី ទឹកសុទ្ធ តង់ និងថវិកាដល់បងប្អូនជានាយទាហាន នាយទាហានរង និងពលទាហាន ដោយក្នុងម្នាក់ៗទទួលបានថវិកា ៣០០០០ រៀល ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិឱ្យជួយតាមបីបាច់ថែរក្សា ឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនជូនដល់ប្រជាពលរដ្ឋតទៅថ្ងៃអនាគត៕

ចែករំលែក

បញ្ចេញយោបល់