ពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
4

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី ដោយមានការអញ្ជើញចូលរួមពីលោក Luke Arnold ឯកអគ្គរដ្ឋទូតរងអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា លោក Benjamin Knoedler ឯកអគ្គរដ្ឋទូតរងអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា ព្រមទាំង លោក លោកស្រី ពីគ្រប់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈអភិបាលខេត្តក្រុង តំណាងមន្ទីរផែនការរាជធានីខេត្ត តំណាងមន្ទីរសុខាភិបាល និងអង្គការជាតិ និងអន្តរជាតិ ប្រមាណ២០០នាក់ ចូលរួម។

លោក ឆាយ ថន បានមានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធភាព និងពន្លឿនក្នុងការកាត់បន្ថយ ភាពក្រីក្រឲ្យបានលឿន ក្រសួងផែនការ បានរៀបចំសំណុំអន្តរាគមន៍សេវាចំនួន២ រួមមាន៖
* ទី១៖ សំណុំអន្តរាគមន៍សេវា ដើម្បីបង្កើនចំណូល
* ទី២៖ សំណុំអន្តរាគមន៍សេវា ដើម្បីកាត់បន្ថយចំណាយដោយផ្តោតឲ្យចំប្រជាពលរដ្ឋក្រីក្រនិង ជនងាយរងគ្រោះបំផុតដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្ដិដែលអាចបណ្ដាលឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឲ្យស្ថានភាពលំបាករបស់ពួកគាត់ កាន់តែមានសភាពធ្ងន់ធ្ងរឡើង។ លោកបានបន្តថា ដើម្បីសម្រេចបានគោលបំណងនៃការងារនេះ យើងពិតជាត្រូវការជាចាំបាច់ នូវទិន្នន័យគ្រួសារក្រីក្រ ដែលមានបញ្ជាក់ពីឈ្មោះមេគ្រួសារ ចំនួនសមាជិកគ្រួសារ និងទីកន្លែងដែលគ្រួសារ កំពុងរស់នៅ និងមានលក្ខណៈជាស៊េរី នៅតាមភូមិឃុំ សង្កាត់នីមួយៗ គឺជាសេចក្ដីត្រូវការចាំបាច់ពុំអាចខ្វះបាន។

លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានបន្តថា អាស្រ័យដោយការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់ ជាពិសេសសម្រាប់ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ជាមួយគ្នានឹងសំណូមពរឱ្យមានការអភិវឌ្ឍនិងមានលក្ខណៈជាស៊េរីនៃទិន្នន័យគ្រួសារក្រីក្រ ក្រសួងផែនការបានធ្វើការកំណត់អត្ដសញ្ញាណ គ្រួសារក្រីក្រឱ្យមានលក្ខណៈជាប្រព័ន្ធដោយបានអនុវត្ដចំនួន៨ ឬ៩រាជធានីខេត្ដក្នុង១ឆ្នាំ និងធ្វើបច្ចុប្បន្នកម្មរៀងរាល់៣ឆ្នាំម្ដង។ លោក បានបន្តថា កន្លងមកអ្នកប្រើប្រាស់ ទទួលបានតែស្ថិតិភាពក្រីក្រ និងព័ត៌មានគ្រួសារក្រីក្រមួយចំនួនប៉ុណ្ណោះពីក្នុងឌីវីឌី(DVD) ឬទាញយកពីគេហទំព័រអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។

ចំពោះការផ្តល់សំណុំទិន្នន័យ ឬទិន្នន័យឆៅដល់ អ្នកប្រើប្រាស់ធំៗ ដូចជា ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល អង្គការស្បៀងអាហារពិភាពលោក អង្គការ UNICEF និងអ្នកប្រើប្រាស់មួយចំនួនទៀត គឺ ត្រូវការជំនួយពីក្រុមហ៊ុនព័ត៌មានវិទ្យានៅខាងក្រៅ ដើម្បីទាញយកទិន្នន័យនោះ និងការផ្តល់ទិន្នន័យត្រូវធ្វើឡើងដោយដៃ ឬតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការទំនាក់ទំនងផ្ទាល់ជាមួយមន្រ្តីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ ដែលការផ្តល់ទិន្នន័យធ្វើឡើងតាមរយៈការថតចម្លងដោយប្រើប្រាស់ DVD ឬ ហ្វាស់ ត្រាយ (Flash Drive) ដែលជាកត្តានាំឱ្យមានភាពយឺតយ៉ាវក្នុងការធ្វើអន្តរាគមន៍ជួយគ្រួសារក្រីក្រ៕

បញ្ចេញយោបល់