ពិធីប្រកាសទទួលស្គាល់លោក ថន ថាវុទ្ធា ជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
3

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក ថន ថាវុទ្ធា ជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា។
អញ្ជើញចូលរួមក្នុងធីនេះមាន លោក លោក លោកស្រី សមាជិក សមាជិការគណបក្ស និងក្រុមការងារគណបក្សចុះជួយស្រុក ឃុំ ជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងពិធីនេះលោកប្រធានគណបក្សខេត្តបានថ្លែងនូវការកោតសសើ និងអរគុណចំពោះលោក គង់ វស្សា នាពេលកន្លងមកបានអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អក្នុងនាមជាប្រធានក្រុមប្រឹក្សាស្រុកផង និងមានតួនាទីជាប្រធានគណបក្សស្រុកចន្ទ្រាផងហើយបានធ្វើអោយស្រុកចន្ទ្រាមានការរីកចម្រើនរួមទាំងកត្តាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរហូតដល់បច្ចុប្បន្ន។

លោកបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយនៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាក្លាយជាគណបក្សដែលធំជាងគេ និងមានប្រជាប្រិយភាពព្រមទាំងមានការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។

ជាចុងបញ្ចប់លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានផ្តាំផ្ញើដល់លោកថន ថាវុទ្ធា ប្រធានគណបក្សប្រជាជនកម្ពុជាដែលត្រូវបានប្រកាសទទួលស្គាល់នាព្រឹកនេះ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
– ត្រូវខិតខំប្រឹងប្រែងដឹកនាំកសាងស្រុកឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត។

– ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានកាន់តែរឹងមាំ ដោយឈលើមាគ៌ាមហាជនរបស់គណបក្សទាំងខាងនយោបាយ និងសតិអារម្មណ៍ និងការចាត់តាំងដោយឈរលើគោលការណ៍។

– ត្រូវបន្តការសហការ នឹងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការ គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

-ត្រូវចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់នូវបញ្ហាប្រឈមនិងការលំបាករបស់ប្រជាជនទូទៅ និងត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយសម្រួលឲ្យបានទាន់ពេលវេលា។

-អាជ្ញាធរឃុំ និងកម្លាំងប្រដាប់អាវុធត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យទទួលបានលទ្ធផលជោគជ័យ និងការការពារសន្តិសុខសណ្តាប់ល្អប្រសើជូនប្រជាពលរដ្ឋ។

– ត្រូវពង្រឹងការតាមដានគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការចាត់វិធានការពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីទួលមានសុវត្ថិភាពដែលមានស្រាប់ ក្នុងករណីមានទឹកជំនន់កើតឡើងជាយថាហេតុ។

– ត្រូវហាមដាច់ខាតចំពោះប្រជាពលរដ្ឋជួលដីឲ្យទៅប្រជាជនប្រទេសជិតខាង។
– ត្រូវធ្វើការណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងដូចជា បាតុភូត ផ្គររន្ទះជាដើម៕

បញ្ចេញយោបល់