នាយឧត្តមសេនីយ៏ ជៀង អំ ៖ សមិទ្ធផលដែលកម្ពុជាសម្រេចបានមកដល់ថ្ងៃនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
5

គណៈប្រតិភូសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន ២៩រូប កាលពីរសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ បានចូលសំដែងការគួរសម នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ យុវជនវ័យក្មេងទាំងនេះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុង «កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើក ទី៤៦ នៅក្នុងប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តរយៈពេល ៥២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងការស្វែងយល់ពីគ្នាទៅវិញ ទៅមក រវាងយុវជន នៃ ប្រទេសជប៉ុន និងយុវជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ពង្រីកទស្សនៈវិស័យរបស់ពួកគេ ចំពោះ ពិភពលោក និងលើសពីនេះទៀត ដើម្បីពង្រឹងស្មារតី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

គោលបំណងទាំងនេះ អាចសម្រេចបានតាមរយៈការចូលរួមជីវភាពប្រចាំថ្ងៃរបស់ពួកគេ នៅលើនាវា ការណែនាំឲ្យស្គាល់គ្នាទៅ វិញទៅមក អំពីប្រទេសរបស់ពួកគេ ការចូលរួមការពិភាក្សា និងសកម្មភាពផ្លាស់ប្តូរជាច្រើនទៀត នៅពេលធ្វើដំណើរតាមនាវា និងតាមបណ្តាប្រទេស ដែលពួកគេត្រូវទៅទស្សនា។

នាយឧត្តមសេនីយ៏ ជៀង អំ មានប្រសាសន៏ថា នេះគឺជាឱកាសដ៏មានសារៈសំខាន់ បំផុត ដែលក្មួយៗជាយុវជនបានជួបប្រស្រ័យជាមួយយុវជន នៃបណ្តាប្រទេសនានាក្នុងតំបន់។ ក្មួយៗគឺជា ឯកអគ្គរាជ ទូតសុច្ឆន្ទៈរបស់កម្ពុជា ដែលត្រូវពាំនាំនូវសភាពការណ៏ពិតរបស់កម្ពុជាបច្ចុប្បន្នទៅប្រាប់ ដល់យុវជនអន្តរជាតិទាំងអស់ ឲ្យបានយល់ដឹង។

លោកបានបន្តទៀតថា សមិទ្ធផលដែលកម្ពុជា សម្រេច បានមកដល់សព្វថ្ងៃនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព, មានស្ថេរភាព នយោបាយទើបមានការអភិវឌ្ឍប្រទេសកម្ពុជាដែលធ្លាប់តែទទួលរងនូវការខ្ទេចខ្ទាំដោយរបបប្រល័យ ពូជសាសន៏និង សង្គ្រាមផ្ទៃក្នុងនោះ បាននឹងកំពុងតែមានការកសាងលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា, ពិសេសខិតខំលើការ កសាងធនធានមនុស្សឲ្យមានដំណើរការជឿនលឿនដូចបណ្តាប្រទេសនានា ផងដែរ។

លោកក៏បានបញ្ជាក់ផងដែរថា ទាំងនេះគឺបានមកអំពីការតស៊ូប្តូរផ្ដាច់របស់ ខ.ភ.ម តាំងពីដើម រៀងមកដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងភារកិច្ចការពារជាតិ, ការពារទឹកដី និងការពារប្រជាជន និងពិសេសការយកជីវិតធ្វើជាដើមទុន របស់ថ្នាក់ដឹកនាំនៃយើង គឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានចេញស្វែងរកការរំដោះប្រជាជនឲ្យរួចពីរបបប្រល័យពូជសាសន៏ និងស្វែងរកការបង្រួបបង្រួមជាតិក្រោមនយោបាយ ឈ្នះ ! ឈ្នះ ! របស់លោក។

បន្ថែមពីនេះ លោកក៏ បានផ្ដាំផ្ញើឲ្យ ក្រុមយុវជន រក្សានូវអាកប្បកិរិយាល្អប្រកប ដោយភាពវិជ្ជមានរបស់ខ្លួនចំពោះយុវជនដ៏ទៃទៀត ដើម្បី ទទួលបានការគោរពស្រឡាញ់ពីអ្នកទាំងនោះ ប្រៀបដូចសកម្មភាពរបស់បងៗ ខ.ភ.ម យើងដែលបាន នឹងកំពុងតែបំពេញភារកិច្ចអន្តរជាតិក្នុងការថែរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិ និង សង្ឃឹមយ៉ាង មុតមាំថា ពួកគេនឹងណែនាំយុវជនដទៃ ទៀតបាន ស្គាល់ នូវវប្បធម៌ កេរ្តិ៍ឈ្មោះ និងបេតិកភណ្ឌ របស់ ប្រទេសកម្ពុជាផងដែរ ៕

បញ្ចេញយោបល់