វគ្គបំប៉នអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅក្នុងសហគមន៍

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
3

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា គម្រោងបង្កើននិរន្តរ៍ភាពការប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភពីមូលនិធិសប្បុរសធម៌កាទ្យេ តាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឈចន្ទក្រហម បានបើកវគ្គបំប៉នអ្នកស្ម័គ្រចិត្តកាកបាទក្រហម ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅ ដែលវគ្គបំប៉ននេះមានរយៈពេល ១ថ្ងៃ ក្រោមការសម្របសម្រួលពីមន្ត្រីគម្រោង សហការជាមួយមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមប្រធានបទ «ការប្រើប្រាស់បង្គន់អនាម័យ សារៈសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ»។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំកម្ពុជា លោកស្រី សំ ថាវី ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាស្រុក ព្រមទាំង លោក លោកស្រី ជាអ្នកស្មគ្រ័ចិត្តកាកបាទក្រហម សរុបចំនួន ៣០នាក់ មកពីឃុំគោលដៅទាំង៣ ក្នុងស្រុកចន្ទ្រាគឺឃុំចន្ទ្រា ឃុំទួលស្តី និងឃុំសំរោង។

វគ្គបំប៉ននេះមានគោលបំណងពង្រឹងសម្ថភាពអ្នកស័្មគ្រចិត្ត ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅ និងផ្តល់ចំណេះដឹងមូលដ្ឋានស្តីពីការកសាងផែនការអំពីទឹកសុវត្ថិភាពសហគមន៍ និងការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល។

លោកនាយកសាខា មានមតិសំណេះសំណាលក្នុងពិធីបើកវគ្គនេះ ដោយបញ្ជាក់ពីសារៈសំខាន់ក្នុងការថែរក្សាសម្ភារៈ ដែលបានទទួល ពីគម្រោង។ លោកនាយកសាខាក៏បានបញ្ជាក់ផងដែរអំពីការជ្រើស រើស និងគ្រប់គ្រងកំលាំង អ្នកស្មគ្រ័ចិត្តដែលជាប្រភពធនធានមនុស្សកំពុងរស់នៅជាមួយសហគមន៍នៅពេលជួបគ្រោះភ័យ ហើយសកម្ម ភាព នេះឆ្លើយ​តបទៅនឹងអនុសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវពង្រឹងកំលាំងធនធានមនុស្ស និងសមត្ថភាព ដល់អ្នកស្មគ្រ័ចិត្តឲ្យបានទាំងបរិមាណ និងគុណភាព ហើយក្រោយពីបញ្ចប់វគ្គនេះទៅត្រូវយកចិត្តទុកដាក់ ក្នុងនាមជាអ្នកស្មគ្រ័ចិត្ត ជាអ្នកសង្គ្រោះ ឆ្លើយតបទៅនឹងគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាក​បាទក្រហម ហើយត្រូវយកវិជ្ជានេះទៅអប់រំបន្តដល់ប្រជាពលរដ្ឋ នៅសហគមន៍ដែលខ្លួនកំពុងរស់នៅ៕

បញ្ចេញយោបល់