វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះ​នេត្រព្រះ

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
2

បន្ទាយមានជ័យ៖ នៅក្នុងវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបានធ្វើឡើងនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានប្រជាពល រដ្ឋមូលដ្ឋានសុំឱ្យក្រុមការងារអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយដោះស្រាយបញ្ហា ដំណាំ ស្រូវ ជួបភាពរាំងស្ងួត សុំជួយជួសជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន ស្តារ-ជីកប្រឡាយទឹក និងមានបញ្ហាប្រឈមលើការអភិវឌ្ឍមូលដ្ឋានរបស់គាត់មួយចំនួនទៀត ដែលតម្រូវឱ្យជួយដោះស្រាយជា បន្ទាន់នោះ។

មានប្រសាសន៍នៅក្នុងវេទិកាសាធារណៈនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បានលើកឡើងនោះ ធ្វើការដោះស្រាយជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋ ហើយបញ្ហាដែលនៅសេសសល់ត្រូវបានស្នើសុំទៅ ក្រុមការងារថ្នាក់ជាតិជួយដោះស្រាយ និងបញ្ហាមួយចំនួនទៀតត្រូវបានដាក់បញ្ចូលទៅក្នុង គម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។

លោកអភិបាលខេត្ត បានលើកឡើងទៀតថាគោលបំណងវេទិកាសាធារណៈនេះ ធ្វើឡើង ដើម្បី ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផ្សារភ្ជាប់គ្នាជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសសុខទុក្ខបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយក្នុងន័យជាអ្នកបម្រើប្រជាពលរដ្ឋ ក៏ដូចជាការចុះជួបប្រាស្រ័យ ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនេះ ។

លោកបានបញ្ជាក់ទៀតថា លទ្ធផលរំពឹងទុកនៃវេទិកាគឺ (មានគណនេយ្យភាពសង្គម) គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ និងសហការជំរុញ លើកកម្ពស់គណនេយ្យភាពរបស់ក្រសួងស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

បញ្ចេញយោបល់