លោកស្រី មិថុនា ភូថង៖ មន្ត្រីឡើងតំណែងថ្មី ត្រូវបន្តខិតខំពង្រឹង និងពង្រីកទំនាក់ទំនង សាមគ្គីភាព ឲ្យការងារដឹកនាំកាន់តែមានប្រសិទ្ធិភាព

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
6

កោះកុង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី មិថុនា ភូថង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងលោក ហាក់ ឡេង ជាអភិបាលស្រុកបូទុមសាគរ ជំនួសលោក ទូ សាវុធ ដែលបានផ្ទេរភារកិច្ច ជាអភិបាលរងខេត្តកោះកុង និងតែងតាំងលោក ក្រូច បូរីសីហា ជាអភិបាលរងស្រុកបូទុមសាគរ។

មានប្រសាសន៍ក្នុងពិធីតែងតាំងនេះ លោកស្រី​បានណែនាំដល់អភិបាល និងអភិបាលរងថ្មី នៃស្រុកបូទុមសាគរ ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ។

មួយវិញទៀត គឺត្រូវពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកស្រីអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដែរថា អភិបាល ស្រុក និងអភិបាលរងស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណាជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។

ចំណែកឯលោក ហាក់ ឡេង អភិបាលស្រុក និងលោក ក្រូច បូរីសីហា អភិបាលរងថ្មីស្រុក​បូទុមសាគរ បានទទួលយកនូវអនុសាសន៍ របស់លោកស្រីអភិបាល និងប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តតាមអ្វីដែលច្បាប់កំណត់ ក៏ដូចជាគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកនឹងបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយ ដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អត្រឹមត្រូវ៕

បញ្ចេញយោបល់