នាយករដ្ឋមន្រ្តីឡាវ នឹងមកដល់កម្ពុជា នៅព្រឹកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ២ថ្ងៃ

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
11

លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩:៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងអំឡុងទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីឡាវ នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ហើយភាគីទាំងពីរក៏នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នាផងដែរ។ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

បន្ទាប់ពីនោះ លោកនាយករដ្ឋមន្រ្តីឡាវ នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលជួបសម្តែងការគួរសមចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមចំពោះលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជានេះ នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ ៕

បញ្ចេញយោបល់