អធិបតេយ្យជាតិកម្ពុជាមិនគួរត្រូវបានរំលោភបំពាន

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
7

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ លោក ស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងអំពាវនាវឱ្យកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើ លោក កឹម    សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន ហើយក្រោយមកចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ក៏ត្រូវបានតុលាការសម្រេចដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់គាត់ជាមួយគ្រួសារយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ជាការពិតដូចបណ្តាប្រទេសដទៃទៀតដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល (civil law) នីតិវិធីតុលាការកម្ពុជាមិនមានចែងអំពីថេរៈវេលាអតិបរិមា សម្រាប់រឿងក្តីដែលស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។

ការអំពាវនាវរបស់លោកស្រី Morgan Ortagus គឺ ពិតជាបាន និងកំពុងបង្ហាញឱ្យឃើញនូវការមិនគោរពចំពោះច្បាប់របស់ប្រទេសមួយ ដែលខ្លួនបានដាក់ទូតជាមួយ ហើយក៏កាន់តែបានបង្ហាញយ៉ាងច្បាស់នូវឥរិយាបទជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យផងដែរ។ ជាការពិត ក្នុងនាមជាមន្រ្តីការទូត គួរគប្បីត្រូវបំពេញការងារទូតប្រកបដោយវិជ្ជាជីវៈការទូត ដោយត្រូវគោរព និងអនុវត្តតាមគោលការណ៍ជាសាកលនៃនីតិស្តីពីទំនាក់ទំនាក់ទំនងអន្តររជាតិរវាងរដ្ឋ និងរដ្ឋ។ ពិសេស យោងតាមច្បាប់ការទូតឆ្នាំ១៩៦១ មាត្រា ៤១ អ្នកការទូតត្រូវគោរពច្បាប់របស់រដ្ឋមួយ ដែលខ្លួនបានដាក់ទូត ហើយក៏មិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដែលខ្លួនបានដាក់ទូតនោះឡើយផងដែរ។

ករណីរបស់លោក កឹម សុខា គឺ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ តុលាការបាន និងកំពុងបន្តអនមុវត្តតាមនីតិវីធីតុលាការកម្ពុជា ដែលរាជរដ្ឋាភិបាលមិនអាចជ្រៀតជ្រែកបានឡើយ។ រាជរដ្ឋាភិបាលស្របច្បាប់មានភារកិច្ចធម្មានុរូបក្នុងការអនុវត្តច្បាប់ ដើម្បីការពារ និងរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ដូច្នេះ កម្ពុជាបានទាមទារឱ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានទំនាក់ទំនងអន្តរជាតិ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពកម្ពុជា និងចៀសវាងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ៕

ដោយ ៖ ឡុង បូរិតា

 

 

បញ្ចេញយោបល់