គណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំគណៈកម្មការរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
6

ទីក្រុងSaint Petesburg ប្រទេសរុស្សី៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងទេសចរណ៍ បានចូលរួមកិច្ចប្រជុំគណៈកម្មការទេសចរណ៍និងចីរភាព (Committee of Tourism and Sustainability) និងគណៈកម្មការទេសចរណ៍ និងភាពប្រកួតប្រជែង (Committee of Tourism and Competition) នៃអង្គការទេសចរណ៍ពិភពលោក (UNWTO) នាឱកាសមហាសិន្និបាទលើកទី២៣ នៃអង្គការUNWTO នៅទីក្រុងSaint Petesburg ប្រទេសរុស្សី។

គណៈកម្មការទាំងពីរនេះ បានពិភាក្សា និងសម្រេចលើចំណុចមួយចំនួនដើម្បីផ្ដល់ជាអនុសាសន៍ដល់ប្រទេសនានាក្នុងពិភពលោកសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចខាងក្រោម៖
• ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពទាមទារឲ្យបន្ស៉ីគ្នារាល់ផែនការអភិវឌ្ឍន៍នានា
• ត្រូវពង្រឹងតួនាទីរបស់វិស័យទេសចរណ៍ក្នុងការចូលរួមសម្រេចនូវគោលដៅអភិវឌ្ឍប្រកបចីរភាពរបស់អង្គការសហប្រជាជាតិទាំង១៧
• ត្រូវមានគោលនយោបាយលើការប្រើប្រាស់ និងផលិតសម្រាប់វិស័យទេសចរណ៍
• ការអភិវឌ្ឍទេសចរណ៍ដោយចីរភាពត្រូវផ្តោតលើការអភិវឌ្ឍផលិតផល (Product) ការគិតគូរមូលធនមនុស្ស (People) និងការរៀបចំគោលនយោបាយ (Policies)
• អង្គការទេសចរណ៍ពិភពលោក ជំរុញឲ្យប្រទេសជាសមាជិកមានយន្តការតាមដានការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពដោយប្រើប្រាស់សូចនាករ ឬរង្វាស់សមស្រប
• UNWTO លើកទឹកចិត្តឲ្យប្រទេសជាសមាជិកចូលរួមជាសមាជិកនៃបណ្ដាញអង្គភាពទទួលបន្ទុកតាមដានការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព (International Network of Sustainable Tourism: INSTO ) (ក្រសួងទេសចរណ៍កម្ពុជា នឹងសហការជាមួយ UNWTO រៀបចំកិច្ចប្រជុំ INSTO នៅខែវិច្ឆិកា ២០១៩ នៅខេត្តសៀមរាប។
• UNWTO បានស្នើឲ្យមានយន្តការគុណភាព តាមសង្វាក់ផ្គត់ផ្គង់ទេសចរណ៍
• UNWTO ស្នើឲ្យគោលនយោបាយទេសចរណ៍ត្រូវឆ្លើយតបនឹង SDG ទាំង១៧
• នាពេលខាងមុខ UNWTO នឹងសិក្សាដកពិសោធន៍ថាតើពិភពលោកអាចពន្លឿនការដោះស្រាយនៃការបម្រែបម្រួលអាកាសធាតុតាមរយៈវិស័យទេសចរណ៍បានយ៉ាងណាខ្លះ?
• តាមការពិភាក្សា វិស័យទេសចរណ៍តាមរយៈការធ្វើដំណើរទេសចរជាតិ និងអន្តរជាតិ (តាមរថយន្តផ្ទាល់ខ្លួន រថយន្តក្រុង រថភ្លើង និងយន្តហោះ) នឹងបញ្ចេញឧស្ម័នការបូនឌីអុកស៊ីត (CO2)ស្មើនឹង៥,៣% នៅឆ្នាំ២០៣០ (ឆ្នាំ២០១៦ មានតែ៥%)។

បន្ទាប់ពីចូលរួមប្រជុំគណៈកម្មការ គណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Xu Jing នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃUNWTO អំពីការរៀបចំការងារសហប្រតិបត្តិការនៅថ្ងៃខាងមុខ។ គណៈប្រតិភូ ក៏បានចូលរួមវេទិកាជាន់ខ្ពស់ស្ដីពីទេសចរណ៍សុខភាព និងព្យាបាលជំងឺ (Medical and Health Tourism ) ដោយ UNWTO បានណែនាំឲ្យប្រទេសជាសមាជិកត្រូវរៀបចំទទួលទេសចរនេះ ដែលមានការកើនឡើងយ៉ាងខ្លាំងនាពេលកន្លងមក និងទៅថ្ងៃអនាគត ដោយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនជាមធ្យមប្រមាណ ២៥% ក្នុងមួយឆ្នាំ៕

ចែករំលែក

បញ្ចេញយោបល់