កម្ពុជា មានសុខសន្តិភាពក៏ពិតមែនតែកងទ័ពទាំងអស់ត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំដូចភ្លៀងរលឹម

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
3

នៅទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតនៅ ស្រុកគិរី ខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអាវុធគាំទ្រធុន ១២០មម ប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក និងមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា នាយរងសេនាធិការចំរុះ នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកមេបញ្ជាការរងកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់ ចំណុះកងទ័ពជើងគោកជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីបិទវគ្គ លោក ជា សារ៉ន បានលើកឡើងថា វគ្គហ្វឹកហ្វឺនវគ្គបណ្តុះបណ្តាលជំនាញអាវុធគាំទ្រធុន១២០មម ប្រចាំឆ្នាំ២០១៩ ប្រារព្ធបិទនាពេលនេះ ថាពិតជាបានរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការពង្រឹងធនធានមនុស្ស ជាប្រភពកម្លាំងបន្តវេនក្នុងកងយោធពលខេមរភូមិន្ទ និងបានឆ្លើយតបទៅនឹងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងជាតិមាតុភូមិរបស់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត សាកសមនឹងការផ្តល់ទំនុកខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងមេបញ្ជាការកងទ័ពជើងគោក។

លោក ជា សារ៉ន បានមានប្រសាសន៍បន្ថែមទៀតថា ថ្វីត្បិតតែបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំដូចភ្លៀងរលឹម សំដៅលើកកម្ពស់ សមត្ថភាព ចំណេះជំនាញពិតប្រាកដ និងឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

នៅក្នុងនាម មេបញ្ជាការកងទ័ពជើងគោក លោក ជា សារ៉ន បានថ្លែងអំណរគុណចំពោះ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ កងទ័ពជើងគោក ដែលបានជួយទាំងស្មារតី សម្ភារៈ ថវិកាសំរាប់ផ្គត់ផ្គង់បន្ថែមដល់ការហូបចុកប្រចាំថ្ងៃរបស់យោធាចារ្យ និងសិក្ខាកាមពីដើមរហូតដល់បញ្ចប់វគ្គ និងបានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ចំពោះ អស់លោកជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងពលតូចថ្មើរជើងលេខ៧០ គ្រូយោធាចារ្យ គណៈគ្រប់គ្រងវគ្គ សិក្ខាកាមទាំងអស់ ដែលបានសហការគ្នាជាធ្លុងមួយ និងស្ថាប័នពាក់ព័ន្ធដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងបានធ្វើឲ្យវគ្គនេះបានដំណើរការដោយរលូន តាំងពីបើករហូតដល់បិទបានដំណើរការដោយរលូននិងទទួលលទ្ធផលជាវិជ្ជមាន។

នាយសេនាធិការ ក៏បានគូសបញ្ជាក់ពីលក្ខណៈពិសេស នៃតួនាទី ភារកិច្ចអាវុធគាំទ្រ១២០មម សំរាប់កម្ទេចរាល់គោលដៅសត្រូវ និងសម្រាប់ទាំងក្នុងរូបភាពជាយុទ្ធសាស្ត្រ និងយុទ្ធវិធីសម្រាប់ការវាយលុកក៏ដូចជាការ ការពារទីទាំងផងដែរ ព្រមទាំងបានគូសបញ្ជាក់យុទ្ធសាស្ត្រ យុទ្ធវិធីនៃជំនាញនេះដែលបណ្តាប្រភេទទ័ពត្រូវខិតខំបង្កើនការហ្វឹកហាត់ក្នុងន័យសំខាន់ នៃការងារការពារបូរណភាពទឹកដី។

លោក ជា សារ៉ន បានផ្តាំផ្ញើរដល់កម្មសិក្សាការរីទាំងអស់បន្តខិតខំស្រាវជ្រាវឯកសារបន្ថែម និងជួយហ្វឹកហ្វឺនដល់មិត្តរួមអង្កភាពបានយល់ដឹងគ្រប់ៗគ្នា បន្តពង្រឹងជំហរស្មោះត្រង់គោរពការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ បន្តចូលរួមអនុវត្តន៏នយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តយ៉ាងសកម្មចូលរួមជួយប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ពិសេសត្រូវចូលរួមយ៉ាងសកម្មអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះអោយមានប្រសិទ្ធភាពខ្ពស់ ៕

បញ្ចេញយោបល់