នាវាទេសចរណ៍យក្សនាំភ្ញៀវទេសចរណ៍ជិត៤ពាន់នាក់ ចូលមកកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងកំពង់សោម

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
5

នាវាទេសចរណ៍បរទេសប្រភេទយក្ស មួយគ្រឿងមានឈ្មោះ GENTING DREAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៤ពាន់នាក់ ធ្វើទស្សនកិច្ចនៅកម្ពុជាតាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ប្រកប ដោយសុវត្ថិភាពកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។

នាវាទេសចរណ៍ GENTING DREAM សញ្ជាតិ BAHAMAS បណ្តោយប្រវែង ៣៣៥.៣៥ម៉ែត្រ ទទឹង ៣៩.៧៦ម៉ែត្រ និងជម្រៅទឹក ៨.៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ មកពីប្រទេស MALAYSIA ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ វេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

នាវា GENTING DREAM មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៧យប់ថ្ងៃដដែល។ ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមនាវា GENTING DREAM មានចំនួនសរុប ៣.៥៩៤នាក់ ស្រី ២.០៣៨នាក់ មាន ២៥សញ្ជាតិ និងមាននាវិក សរុបចំនួន ១.៧៨៤នាក់ ស្រី ៥០៨នាក់ មាន២៩សញ្ជាតិ៕

បញ្ចេញយោបល់