អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរសិស្សានុសិស្សដែលអាចបង្កើត Robot បានយ៉ាងល្អ

ថ្ងៃអាទិត្យ ទី ៨ កញ្ញា ២០១៩​
5

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងកោតសរសើរក្មួយៗ សិស្សានុសិស្សខ្លួនតូចមែន តែអាចបង្កើតរ៉ូបូត (Robot) រថយន្ត មនុស្សយន្ត បញ្ជាដោយតេឡេ និងរ៉ូកែតបាញ់គ្រាប់បាន ដែលនេះជាធនធានដ៏ល្អ ជាទំពាំងដ៏មានគុណភាព សម្រាប់សង្គមជាតិ នឹងជាមោទនៈផងដែរ។

ជាពិសេសរ៉ូបូតជាយាន្តរុករក នៅភពផ្សេងទៀត លោកសង្ឃឹមថា នាពេលអនាគតរ៉ូបូតនេះ នឹងចេញជារូបរាងស្តង់ដារ និងបច្ចេកវិទ្យាពេញលេញ ដោយនាំយកទង់ជាតិកម្ពុជាបក់នៅលើទីឋានលំហនៃអវកាស ដូចគ្នានឹងប្រទេសគេ តែយើងត្រូវតែរួមគ្នា បណ្តុះធនធានមនុស្សទាំងអស់គ្នា។

ថ្លែងបែបនេះនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាធិបតីភាព ប្រគល់វិញ្ញាបនប័ត្រជ័យលាភី សិស្សបឋមសិក្សាប្រចាំឆ្នាំ២០១៨ ២០១៩ ដល់សិស្សានុសិស្ស ១០៦នាក់ ក្នុងនោះសិស្សឆ្នើម៤០នាក់ និងលិខិតកោតសរសើរ ដល់លោកគ្រូអ្នកគ្រូចំនួន៣០នាក់ ដែលបង្រៀននៅសាលាអន្តរជាតិអាល់រ៉ះម៉ាស់ ស្ថិតនៅក្នុងភូមិពោធិរោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យអទិភាពទី៤ ដែលធនធានមនុស្សពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។

លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងអរគុណដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ បានដើរតួលើការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពួកគាត់ គឺជាវីរជន ក្នុងការកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សង្គមជាតិទាំងមូល និងបន្តការងារនេះឲ្យកាន់តែល្អបន្ថែមទៀត។ 

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ សម្រាប់អនាគតខ្លូន និងក្រុមគ្រួសារ ដោយធ្វើខ្លួនជាពលរដ្ឋល្អ សិស្សល្អ កូនល្អ មិត្តភក្តិល្អ ជាទំពាំងដ៏មានគុណភាព និងរឹងមាំសម្រាប់សង្គមជាតិ នាពេលអនាគត។

លោក វ៉ាអិលម៉ូតស៊ី ប្រធានសមាគមន៍ពិភពលោកនៃក្តីមេត្តា ប្រចាំកម្ពុជា បានឲ្យដឹងដែរថា សមាគមន៍លោក មានសាខាប្រមាណ៦០ប្រទេស ដោយឡែកនៅកម្ពុជា សមាគមន៍លោក បានសហការជាមួយសមាគមន៍សម្របសម្រួលអភិវឌ្ឍ និងសមាគមន៍សប្បុរសធម៍ដើម្បីកម្ពុជា រួមគ្នាលើការកសាង អភិវឌ្ឍធនធានមនុស្ស តាមរយ:ការសាងសង់សាលាអន្តរជាតិអាល់រ៉ះម៉ាស់នេះឡើង អស់ទឹកប្រាក់ប្រមាណ ៣,៥លានដុល្លារ ដោយមានជាអគារសិក្សា សម្ភារសិក្សា បណ្ណាល័យ ទីលានកីឡា និងបរិក្ខារជាច្រើនទៀត៕

បញ្ចេញយោបល់