លោក​ ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរបស់អ្នកស្ម័គ្រចិត្ត ICT កម្ពុជាឆ្នាំ២០១៩ ក្នុងស្រុកកំពង់លែង

ថ្ងៃអាទិត្យ ទី ៨ កញ្ញា ២០១៩​
9

នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៩ លោក​ ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមនាគមន៍ ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរបស់អ្នកស្ម័គ្រចិត្ត ICT កម្ពុជា ឆ្នាំ២០១៩ ក្នុងស្រុកកំពង់លែង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូថ្នាក់ក្រសួង ថ្នាក់ខេត្ត អាជ្ញាធររដ្ឋបាលស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីឃុំចំនួន ០៦គឺ(ឃុំច្រណូក ឃុំដារ ឃុំស្វាយរំពារ ឃុំសំរោងសែន ឃុំប្រឡាយមាស និងឃុំសំរោងសែន) ក្នុងស្រុក សរុប ២២២ នាក់។

លោក​ សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបញ្ជាក់ថា កម្មវិធីអ្នកស្ម័គ្រចិត្ត ICT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចេកវិទ្យា ហៅកាត់ថា NIPTICT សហការជាមួយភ្នាក់ងារជាតិទទួលបន្ទុកព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង (NIA Korea) និង សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

គួររំលឹកផងដែរថា កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ត្រូវបានអនុវត្តនៅក្នុងស្រុកកំពង់លែងរយៈពេល៤ ឆ្នាំមកហើយ ដែលមានគោលបំណងសំខាន់ចំនួន ៦ ចំណុច រួមមាន:
១-បង្កើតចំណងមិត្តភាពរវាងយុវជន។
២-លើកទឹកចិត្តសិស្ស និងយុវជនក្នុងមូលដ្ឋានឱ្យស្រលាញ់ការសិក្សា។
៣-លើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន។
៤-កាត់បន្ថយគម្លាតចំណេះដឹងលើវិស័យបច្ចេកវិទ្យាព័ត៌មានរវាងទីក្រុង និងជនបទ។
៥-លើកកម្ពស់ការចែករំលែកព័ត៌មាន។
៦-ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។
កម្មវិធីICT បណ្តុះបណ្តាលទៅលើមុខវិជ្ជាចំនួន ៤ គឺ ជំនាញកុំព្យូទ័រ និងកម្មវិធីទូរស័ព្ទដៃ គណិតវិទ្យា ភាសាអង់គ្លេស និងមុខវិជ្ជាបំណិនជីវិត។ ជាលទ្ធផលសម្រាប់ស្រុកកំពង់លែង សរុបការបណ្តុះបណ្តាលចាប់ពីឆ្នាំ២០១៥ មកមានសិក្ខាកាមសរុបចំនួន ២,៤០៨ នាក់ ជាមន្ត្រី ១១៥ នាក់ ជាសិស្សានុសិស្ស ១,១៧៩ នាក់។

មានប្រសាសន៍ផ្តាំផ្ញើនាឱកាសនោះដែរលោកប្រធាន បានសម្តែងនៅការកោតសរសើរ និងអបអរសាទរចំពោះក្មួយៗអ្នកស្ម័គ្រចិត្ត ICT ដែលបានបញ្ចប់បេសកកម្មស្ម័គ្រចិត្តរបស់ខ្លួនប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការណ៍របស់អាជ្ញាធរមូលដ្ឋានដ្ឋានឃុំ នាយកសាលា ទាំង ៦ឃុំ រួមនឹងគណៈអភិបាលស្រុក ដែលបានសម្របសម្រួលបានយ៉ាងល្អ និងបានដើរតួនាទីជាអាណាព្យាបាលរបស់ក្មួយៗអ្នកស្ម័គ្រចិត្តក្នុងរយៈពេលពេញ ១ ខែនេះ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព និងសិ្នតស្នាលបំផុត ទាំងការស្នាក់នៅ និងការបណ្តុះបណ្តាល។ ឯកឧត្ដមក៍សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលមូនិធិកាតព្វកិច្ចសកលទូគមនាគមន៍ ដែលបានគាំទ្រដល់វិទ្យាស្ថានជាតិ NIPTICT ក្នុងកម្មវិធីស្ម័គ្រចិត្ត ICT ឆ្នាំ២០១៩ ដែលការគាំទ្រនេះបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការរួមចំណែកអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រដ្ឋាភិបាលអេឡិចត្រូនិច អោយទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានប្រគល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ក្មួយៗអ្នកស្ម័គ្រចិត្តICT ២៤ នាក់ កុំព្យូទ័រលើតុចំនួន ១២ គ្រឿងដល់រដ្ឋបាលឃុំ និងអនុវិទ្យាល័យ សៀវភៅអាន (ខ្ញុំចង់ដឹងអំពីវិទ្យាសាស្ត្រពិភពលោក ) និងលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់