អភិបាលខេត្តរតនគិរី ចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងភ្លាមៗក្រោយជន់លិចផ្ទះប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍ ទី ២៩ សីហា ២០១៩​
3

រតនគិរី៖ ភ្លៀងធ្លាក់បន្តបន្ទាប់ចាប់ពីចន្លោះម៉ោង១២ អធ្រាតថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យជន់លិចនៅតាមបណ្តាឃុំមួយចំនួន រួមមានឃុំបាតាង ឃុំល្បាំង១ ឃុំល្បាំង២ ស្រុកលំផាត់ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានភូមិសាស្ត្រនៅតាមទំនាបដងអូរ។ របាយការណ៍បឋមពីអាជ្ញាធរស្រុកឲ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ពលរដ្ឋជាក់ស្តែងចំនួន២៩៦គ្រួសារ លិចផ្ទៃដីស្រែចម្ការ ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របី បាក់បង្គោលភ្លើង និងលិចកាត់ផ្លូវជាតិលេខ៧៦ ពីបានលុងទៅស្រុកលំផាត់ចំនួន០២កន្លែង ក្នុងនោះអាជ្ញាធរបានចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ០៣នាក់ ដែលជាប់នៅដំបូលផ្ទះដោយទឹកលិចផ្ទះមិនអាចឆ្លងរកទីទួលសុវត្ថិភាពបាន។

ក្នុងការចុះអន្តរាគមន៍ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានណែនាំឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះពលរដ្ឋគ្រប់រូបភាព និងបានណែនាំដល់ពលរដ្ឋត្រូវស្វែងរកទីទួលសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលមេឃនៅតែបន្តធ្លាក់ភ្លៀងរលឹម ហើយស្ថានភាពជំនន់គឺឡើងលឿន ស្រកចុះក៏លឿន៕

ចែករំលែក

បញ្ចេញយោបល់