អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតទឹក

ថ្ងៃអង្គារ ទី ២៧ សីហា ២០១៩​
6

កំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យការបូមទឹកពីប្រឡាយមេរបស់មន្ទីរធនធានទឹកឧតុនិយមខេត្តដើម្បីអូសយកទឹកមកជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹក ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានស្នើដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីសិក្សាអំពីស្ថានការណ៍ និងរកវិធីដើម្បីជួយសង្គ្រោះដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងការគម្រាមកំហែង ដោយសារតែការកង្វះទឹកនេះឱ្យបានទាន់ពេលវេលា។

ស្របគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដែលកន្លងមកបានខិតខំជួយអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងបានកសាងប្រព័ន្ធធារាសាស្ត្រជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែទាំងប្រាំង និងវស្សា។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានឧបត្ថម្ភនូវប្រេងសាំងសំរាប់ធ្វើការបូមទឹក និងចុះជួយស្ទូងស្រូវរបស់បងប្អូនប្រជាកសិករផងដែរ៕

ចែករំលែក

បញ្ចេញយោបល់