លោក ផាត វិបុលសុភ័ក្ត្រ ជួបប្រតិភូសម្រាកបំប៉នកងទ័ពឡាវក្នុងឱកាសអញ្ជើញមកសម្រាកបំប៉នសុខភាពនៅកម្ពុជា

ថ្ងៃអាទិត្យ ទី ២៥ សីហា ២០១៩​
13

គណៈប្រតិភូនាយទាហាន នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ឹងថង ខាំប៉ាក់ស៊ើត អនុប្រធានតុលាការជាន់ខ្ពស់ នៃអគ្គស្នងការនយោបាយ កងទ័ពប្រជាជនឡាវ បានអញ្ជើញចូលជួបសម្តែងការគួរសម លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង នាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

លោកវរសេនីយ៍ទោ ស៊ឹងថង ខាំប៉ាក់ស៊ើត បានមានប្រសាសន៍ថា៖ ដំណើរទស្សនកិច្ចសម្រាកបំប៉នសុខភាពរបស់គណៈប្រតិភូ នៃកងទ័ពប្រជាជនឡាវ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺបានធ្វើឡើងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ក្នុងការផ្លាស់ប្តូរនៃគណៈប្រតិភូប្រទេសទាំងពីរ។ លោកបានជំរាបផងដែរថា៖ តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ, កងទ័ពយើងទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមកជាបន្តបន្ទាប់។

លោកវរសេនីយ៍ បានថ្លែងនូវអំណរគុណ និងមានមោទនភាពចំពោះការទទួលគណៈប្រតិភូនាយទាហានសម្រាកបំប៉នសុខភាព នៃកងទ័ពប្រជាជនឡាវ បានយ៉ាងកក់ក្តៅ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា៖ ប្រជាជាតិទាំងពីរធ្លាប់មានប្រពៃណីសាមគ្គីភាព មិត្តភាពជាយូរមកហើយ ហើយទំនាក់ទំនងដ៏ល្អយើងនៅតែបន្ត ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងសហគមអាស៊ានផងដែរ។

លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ ក្នុងនាមក្រសួងការពារជាតិ និងខ.ភ.ម បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសម្រាកបំប៉នសុខភាពរបស់គណៈប្រតិភូនាយទាហាន នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ឹងថង ខាំប៉ាក់ស៊ើត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ ឡាវ និងកម្ពុជា ជាប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយ មានវប្បធម៌ប្រពៃណីដូចគ្នា ហើយមានសាមគ្គីភាព មិត្តភាពដ៏ជិតស្និតជាមួយគ្នាជាយូរយារមកហើយ, រហូតបច្ចុប្បន្នចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ កម្ពុជា-ឡាវ ត្រូវបានពង្រឹង និងពង្រីកទ្វេរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ អនុវត្តទៅតាមពិធីសារ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ ដែលបានចុះហត្ថលេខា នៃរដ្ឋមន្ត្រីទាំងពីរ ត្រូវបានបន្តអនុវត្តជាប្រចាំ។ លោក បានបញ្ជាក់ថា៖ ភាគីកម្ពុជាស្វាគមន៍ជានិច្ចចំពោះដំណើរទស្សនកិច្ច សម្រាកបំប៉នសុខភាពរបស់គណៈប្រតិភូនាយទាហាន នៃកងទ័ពប្រជាជនឡាវ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ហើយតាមរយៈគណៈប្រតិភូនេះ លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានផ្តាំផ្ញើរសាកសួរសុខទុក្ខ លោកនាយក នាយកដ្ឋានទាក់ទងអន្តរជាតិ និង រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ក្រសួងការពារប្រទេសឡាវ ក៏ដូចជានាយទាហាន ពលទាហាន កងទ័ពប្រជាជនឡាវជាបងប្អូន ៕

បញ្ចេញយោបល់