ប្រតិភូខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយលោកអភិបាលក្រុងឆុងឈីង(Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃអាទិត្យ ទី ២៥ សីហា ២០១៩​
7

សៀមរាប ៖ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ប្រតិភូខេត្តសៀមរាបដឹកនាំដោយលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Tang Liangzhi អភិបាលក្រុងឆុងឈីង(Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការការងាររវាងរដ្ឋបាលខេត្តសៀមរាបជាមួយក្រុងឆុងឈីង(Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះដែរ ក៏ជាការពង្រឹងកិច្ចសហប្រតិបត្តការរវាងស្រុកវ៉ានចូវ(Wenzhou) ក្រុងឆុងឈីង(Chongqing) និងក្រុងសៀមរាប ខេត្តសៀមរាប ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តការរវាងស្រុកវ៉ានចូវនិងក្រុងសៀមរាបនេះនឹងមានពិធីចុះហត្ថលេខាក្នុងលិខិតផ្តួចផ្តើមជាមួយគ្នានាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

ការចុះហត្ថលេខាក្នុងលិខិតផ្តួចផ្តើមជាមួយគ្នានេះ ក្នុងគោលបំណងចងសម្ព័ន្ធមេត្រីភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការលើវិស័យវប្បធម៌ សេដ្ឋកិច្ច អប់រំ បរិស្ថាន និងទេសចរណ៍ដែលស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរ(កម្ពុជា-ចិន)។

ជាមួយគ្នានេះដែរ លោក អភិបាលក្រុងឆុងឈីងក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកម្មវិធីនាពេលនេះ ក៏ដូចជាកម្មវិធី 2019 Smart China Expo ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕

បញ្ចេញយោបល់