យោធិនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនប្រកបដោយភាពជោគជ័យ

ថ្ងៃអាទិត្យ ទី ២៥ សីហា ២០១៩​
13

បន្ទាប់ពីបានដំណើរការបើកវគ្គហ្វឹកហ្វឺនអស់រយៈពេល៤៥ថ្ងៃកន្លងមក នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក ហេង រតនា ប្រតិភូអមរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក។

ពិធីនេះបានប្រារព្ធធ្វើនៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក(ឞន្ទាយត្រាំខ្នារ) ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ។
ចូលរួមមានមតិសំណេះសំណាល ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ឆ្នាំ២០១៩ នាពេលនោះ លោក ហេង រតនា បានមានប្រសាសន៍ថា៖ ស៊ីម៉ាក់ធ្លាប់បានជួយហ្វឹកហ្វឺន បច្ចេកទេសជំនាញបោសសំអាតមីន និងកាកសំណល់សង្គ្រាម គ្រឿងផ្ទុះជូនដល់កងពលធំអន្តរាគមន៍លេខ៣ ដែលបានប្រារព្ធពិធីបិទវគ្គកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ នៅស្រអែម ខេត្តព្រះវិហារ។ លោក បានបញ្ជាក់ថា៖ ក្នុងរយៈពេលជាង២៧ឆ្នាំកន្លងទៅនេះ ស៊ីម៉ាក់បានដោះបំផ្លាញគ្រាប់មីនគ្រប់ប្រភេទ បានជាង ២លាន ៧សែន គ្រាប់។ កន្លងមក ស៊ីម៉ាក់ធ្លាប់បានជួយហ្វឹកហ្វឺនជំនាញបោសសំអាតមីន ដល់កងទ័ពបរទេសចំនួន ៥ ប្រទេស មកពីប្រទេស បូឡុំប៊ី, ប្រទេសអាហ្គានីស្ថាន, ឡាវ, អ៊ីរ៉ាក់, និងមកពីប្រទេសអាហ្វ្រិក ដែលមានសិក្ខាកាមចូលរួមហ្វឹកហ្វឺនជាង ៦០០ នាក់។

ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកនាឱកាសនោះ៖ លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន ដែលបានប្រារព្ធពិធីបិទនាពេលនេះ ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញ ក៏ដូចជាការពង្រឹងរចនាសម្ព័ន្ធការងារហ្វឹកហ្វឺន ឲ្យដល់យោធិនក្នុងដំណើរការជាប្រចាំដូចភ្លៀងរលឹម សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ដើម្បីឲ្យមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងសុវត្ថភាពខ្ពស់ ក្នុងការអនុវត្តន៏កិច្ចការបោសសម្អាតគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ ។

លោក បានបន្ថែមថា៖ ជំនាញបោសសម្អាតគ្រាប់មីននេះ ក៏ធ្វើឲ្យយោធិនយើងបានយល់ដឹងអំពីការប្រើប្រាស់ឧបករណ៏ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងអំពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកនៅពីសម័យសង្គ្រាម ពិសេសនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា និងម្យ៉ាងវិញទៀតធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញភារកិច្ច ដើម្បីបម្រើជាតិ និងការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល លើការងារកសាងអភិវឌ្ឍន៏ប្រទេស និងប្រជាជន។

លោកបានបន្តថា តាមរយៈការផ្តល់នូវចំណេះដឹង ចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ពនាពេលនេះ គឺសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពលើការងារហ្វឹកហ្វឺនជំនាញ ដែលបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។

លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្តខ្ពស់ របស់មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីមាក់) និងការសាមគ្គីសហការជាធ្លុងមួយ រវាងស្ថាប័នចំណុះកងទ័ពជើងគោក បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ថ្នាក់ដឹកនាំ នាយ ពលទាហាន គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់បំពេញតួនាទី ភារកិច្ចខ្លួន ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ ទទួលបានជោគជ័យ និងប្រកបដោយការទទួលខុសត្រូវ។

ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃខ ភ ម និងថ្នាក់ដឹកនាំកងទ័ពជើងគោក លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីមាក់) ដែលបានធានាផ្តល់ឧបករណ៏ សម្ភារៈម៉ាស៊ីនរាវមីន និងបណ្តាឯកសារមេរៀន រួមទាំងបទពិសោធន៏ល្អៗផ្តល់ជូនសិក្ខាកាមងាយយល់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។

លោកឧត្តមសេនីយ៏ឯក ក៏បានផ្តាំផ្ញើដល់នាយ ពលទាហាន សិក្ខាកាមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ និងនៅតាមអង្គភាពខ្លួន ឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគតអស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានកាន់តែរឹងមាំ។ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកបានដាក់ចុះ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍ ដែលអានដោយ លោក អ៊ុម សុជាតិ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន វគ្គដែលត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ មានរយៈខ្លីចំនួន៤៥ថ្ងៃ ចាប់បើកពីថ្ងៃទី៨
ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានកម្មសិក្សាការីសរុបចំនួន២០៦នាក់ សិក្ខាកាម១៩០នាក់ និងមកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ខ្លឹមសាមេរៀន ដែលត្រូវរៀនសូត្ររួមមាន៖ អប់រំចិត្តសាស្ត្រ និងមេរៀនស្តីការបោសសម្អាតមីន ដោយសិក្សាផែនទី GPS របៀបយល់ដឹងអំពីគ្រាប់មីនស្មើរជើង និងគ្រាប់មីនប្រឆាំងរថគ្រោះ របៀបប្រើប្រាស់ម៉ាស៊ីនរាវមីន រួមមានប្រភេទ ម៉ាស៊ីនF3, ម៉ាស៊ីនMil DS+DS1, ម៉ាស៊ីន Ebinger 740M, ម៉ាស៊ីន VaLumn VMX10, ប្រភេទគ្រាប់ទំលាក់, ម៉ាស៊ីន VaLumu 3GCS, និងបច្ចេកទេសកម្ទេចគ្រាប់ និងការដោះបន្សាប។ ក្រោមការត្រួតពិនិត្យ វាយតំលៃរបស់គណៈកម្មការ គណៈគ្រប់គ្រង គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ស្តីពីលទ្ធផលពេលបញ្ចប់វគ្គ ទទួលបានលទ្ធផលល្អបង្គួរជាទូទៅ ៕

បញ្ចេញយោបល់