ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ

ថ្ងៃអាទិត្យ ទី ២៥ សីហា ២០១៩​
5

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាឃុំមេលំ ស្រុកបរិបូណ៌ មានរៀបចំវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និង ពិនិត្យ ដោះស្រាយបញ្ហាប្រឈម និង សំណូមពររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្រោមអធិបតីភាព លោកស្រី ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ និងមានការអញ្ជើញចូលរួម ពី លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក អម សុភា អភិបាលរងខេត្ត ក្រុម ការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកចុះមូលដ្ឋានស្រុកបរិបូណ៌ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ មកពីឃុំចំនួន៣ មាន ឃុំផ្សារ ឃុំមេលំ និង ឃុំកំពង់ព្រះគគីរ ដែលមានអ្នកចូលរួមសរុប ៣៧២ នាក់ ស្រី ១៤៥ នាក់។

សំណួរ និងសំណូមពរដែលទទួលបានសរុបមានចំនួន ៩ ចំណុចពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ បញ្ហា ព្រំប្រទល់ ឃុំ និង បញ្ហា ផ្សេងៗ មួយចំនួនទៀត។ លោកស្រីប្រធានក្រុមការងារ និង លោក លោកស្រី អនុប្រធាន ក្រុម ការងារ និង សមាជិក ក្រុមការងារ ព្រមទាំងមន្ទីរជំនាញបានខិតខំពន្យល់បកស្រាយ និង ពិភាក្សា រិះរក វិធីសាស្ត្រ ដោះស្រាយ ជូន ប្រជាពលរដ្ឋ បានស្ងប់ចិត្ត និងទទួលយកដោយក្ដី សប្បាយរីករាយ។ បញ្ហាមួយចំនួនដែលមានវិសាលភាពធំក្រុមការងារបានទទួលយកមក ពិនិត្យ ដោះស្រាយបន្តហើយ និងផ្ដល់ព័ត៌មានត្រឡប់ជូនប្រជាពលរដ្ឋជាបន្តទៀត៕

បញ្ចេញយោបល់