សព នាយឧត្តមសេនីយ៍ ស៊ើយ កែវ ត្រូវដង្ហែរយកទៅបញ្ចុះនៅវត្ត ឧត្តមរតនារាម ហៅវត្តអូរចេង

ថ្ងៃសៅរ៍ ទី ២៤ សីហា ២០១៩​
11

រតនគិរី៖ បន្ទាប់ពីបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណីរយៈ៨ថ្ងៃ សព នាយឧត្តមសេនយ៍ ស៊ើយ កែវ អតីតសមាជិកព្រឹទ្ធសភា ត្រូវបាន រៀបចំធ្វើពិធីដង្ហែរ យកទៅបញ្ចុះនៅ វត្តឧត្តម រតនារាមហៅវត្តអូរចេង ស្ថិតនៅ ភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ពិធីបញ្ចុះសព នាយឧត្តមសេនីយ៍ ស៊ើយ កែវ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកឧបនាយករដ្ឋមន្រ្ដី គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរម រាជវាំង និងមានការចូលរួមពីសំណាក់ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកទាំង៩ មន្រ្តីរាជការគ្រប់មន្ទីរស្ថាប័នក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស យុវជន ស.ស.យ.ក យវុជនស្រលាញ់សន្តិភាព យ់ាងច្រើនកុះករ។

លោក មួង ប៉យ សមាជិក ព្រឹទ្ធសភា បានអានជីវៈប្រវត្តិ នាយឧត្តមសេនយ៍ ស៊ើយ កែវ ដោយជីវប្រវត្តិ បានលើឡើងពីវីរភាពដ៏អង់អាចក្លាហានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុឯករាជជាតិ និងការតស៊ូ រំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ក្នុងនាមតំណាងឲ្យព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តរតនគិរី សូមសម្តែងនូវសេចក្តីសោកស្តាយ ក្តុកក្តួលក្នុងចិត្តឥតឧបមា ប្រកបដោយក្តីទុក្ខដ៏ក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃកម្ពុជា។

លោកគូសបញ្ជាក់ថា មរណភាពរបស់ នាយឧត្តមសេនីយ៍ គឺជាការបាត់បង់នូវស្វាមី បិតាបង្កើត បិតាក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដែលកន្លងមក លោក តែងតែយកអស់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតី កសាងគ្រួសារ ចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា ចៅៗ ប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត ជាថ្នាក់ដឹកនាំល្អក្នុងស្ថាប័ន អង្គភាព និងជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ព្រមជាមួយគ្នានេះក៏ជាការបាត់បង់នូវវីរយុទ្ធជន ដ៏សំខាន់មួយរូប ដែលធ្លាប់បានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ ចូលរួមក្នុងចលនារំដោះជាតិពីរបបប្រល័យពូជសាសន៍ជាមួយថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ជាពិសេសចូលរួមយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការកសាងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជានីតិរដ្ឋពេញលេញ។

ក្នុងឱកាសដ៏សែនក្តុកក្តួលនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវសមាណទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់នាយឧត្តមសេនីយ៍ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ស៊ើយ កែវ បានទទួលមរណៈភាពនៅវេលា ម៉ោង៨:៤៥យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយរោគាពាធក្នុងជុន្មាយុ៨៤ ឆ្នាំ ៕

បញ្ចេញយោបល់