អ្នកជាប់ឃុំឃាំងសរុប ៥៩២នាក់បានទទួលការរៀនសូត្រថ្នាក់អក្ខរកម្មនៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគារនៅតាមរាជធានី ខេត្ត

ថ្ងៃព្រហស្បតិ៍ ទី ២២ សីហា ២០១៩​
21

លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រសួងអប់រំ បានសហការជាមួយក្រសួងមហាផ្ទៃបើកថ្នាក់អក្ខរកម្មនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅតាមរាជធានី ខេត្តបានចំនួន ២៥ថ្នាក់ ដែលមានអ្នកជាប់ឃុំឃាំងទទួលបានការរៀនសូត្រសរុប ៥៩២នាក់ ក្នុងគោលបំណងផ្តល់ឱ្យពួកគាត់នូវចំណេះដឹង ជំនាញ មុខរបរ ការចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគាត់នឹងមានឱកាសរៀនសូត្របន្តលើជំនាញមុខរបរដើម្បីរកប្រាក់ចំណូលបន្ទាប់ពីទទួលបានសិទ្ធិសេរីភាព និងការធ្វើសមាហរណកម្មទៅក្នុងសង្គមជាតិឡើងវិញ។ នេះបើយោងតាមខ្លឹមសារនៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩។

នៅក្នុងសារលិខិតនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្រសួងអប់រំ បាននិងកំពុងបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ក្រសួងអប់រំ បានសហការជាមួយវិស័យឯកជននៅតាមរោងចក្រចំនួន១១ដោយបានផ្តល់ឱកាសឱ្យកម្មករ កម្មការិនីរបស់យើងមានលទ្ធភាពចូលសិក្សាក្នុងកម្មវិធីអក្ខរកម្មដែលនឹងជួយឱ្យពួកគេអាចបំពេញការងារកាន់តែប្រសើរឡើងថែមទៀត និងជាមូលដ្ឋានគ្រឹះសម្រាប់ស្វែងរកអាជីពការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។ ម្យ៉ាងវិញទៀត ការចូលសិក្សាក្នុងកម្មវិធីអក្ខរកម្មនេះ ក៏បានផ្តល់ជាប្រយោជន៍ដល់ម្ចាស់រោងចក្រផងដែរ៕

បញ្ចេញយោបល់