លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ៨ចំណុចនៅក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩

ថ្ងៃព្រហស្បតិ៍ ទី ២២ សីហា ២០១៩​
20

នៅក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា ក្នុងបរិការណ៍នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងដើម្បីផ្សាភ្ជាប់ការងារអក្ខរកម្មទៅនឹងជំនាញមុខរបរជាពិសេសឈានទៅសម្រេចបាននូវគោលដៅប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធទៅជាពលករដែលមានជំនាញស្របតាម «យុទ្ធសាស្រ្តកំណើនថ្មី» របស់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងនៅក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដោយបានធ្វើការអំពាវនាវទៅលើ៨ចំណុចដូចតទៅ៖

ទី១- ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និងយន្តការចំបាច់ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាពដោយធានាបាននូវលទ្ធផលទទួលយកបានក្នុងការផ្តល់ការសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឋប្រកបដោយចីរភាព។

ទី២- ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា និងទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិតទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈ ឱ្យកាន់តែសម្បូរបែប និងមានភាពបត់បែនឆ្លើយតបនឹងតម្រូវការអ្នកសិក្សាដើម្បីផ្តល់សេវាអប់រំពេញមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ ទាំងសេវាអប់រំក្រៅប្រព័ន្ធ និងទាំងសេវាអប់រំមិនផ្លូវការដល់ប្រជាពលរដ្ឋគ្រប់រូប។

ទី៣- អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមិនបានរៀនសូត្រឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មីតាមថ្នាក់រៀនអប់រំក្រៅប្រព័ន្ធតាមគ្រប់រូបភាពជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលជាជនមានពិការភាពឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។

ទី៤- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្តាញទំនាក់ទំនងសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្តី និងព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអានុភាពនៃការងារអក្ខរកម្មដល់ប្រជាពលរដ្ឋដើម្បីឱ្យមានការយល់ដឹងកាន់តែទូលំទូលាយពោលគឺ «អក្ខរកម្មផ្សាភ្ជាប់នឹងជំនាញមុខរបរ»។

ទី៥- ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរីទ្ធិ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាត្រូវចុះជួយបង្រៀនដោស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរនៅតាមថ្នាក់អក្ខរកម្ម និងមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួនកំពុងរស់នៅ។ ដោយឡែក បងប្អូនជនរួមជាតិដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ក៏សូមជួយបន្តជំរុញបងប្អូន កូនចៅឱ្យបានចូលរៀនតាមសាលារៀនចំណេះទូទៅគ្រប់ៗគ្នា។ ក្មួយៗនិងបងប្អូនដែលពុំទាន់ចេះអក្សរ ភ្លេចអក្សរ ឬបោះបង់ការសិក្សា សូមខិតខំប្រឹងប្រែងស្វែងរកការរៀនសូត្រនៅតាមថ្នាក់អក្ខរកម្ម ថ្នាក់សមមូល ថ្នាក់ចូលរៀនឡើងវិញ និងការបណ្តុះបណ្តាលជំនាញនៅតាមមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលនៅជិតភូមិឋានរបស់ខ្លួន។

ទី៦- វត្តអារាម និងវិហារសាសនា ត្រូវជំរុញចលនាព្រះសង្ឃ បុព្វជិតសាសនា តាជី ដូចជី ចូលរួមកម្មវិធីអក្ខរកម្មផ្សាភ្ជាប់នឹងមុខរបរឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំអំពីសារប្រយោជន៍នៃការរៀនសូត្រអំពីសីលធម៌និងការលើកកម្ពស់វប្បធម៌រស់នៅក្នុងភាពជាពលរដ្ឋសកល។

ទី៧- ដៃគូអភិវឌ្ឍនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការនិងពង្រឹងភាពជាដៃគូដោយជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំក្រៅប្រព័ន្ធជាពិសេសកម្មវិធីអក្ខរកម្មផ្សាភ្ជាប់នឹងការអប់រំវិជ្ជាជីវៈឱ្យមានដំណើរការល្អជាប់ជាប្រចាំ។

ទី៨- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញការបើកថ្នាក់អក្ខរកម្មគួបផ្សំនឹងថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករកម្មការិនីដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផងដោយយើងទាំងអស់គ្នាត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរនិងការសម្រេចចិត្តបានត្រឹមត្រូវ» «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍសហគមន៍កាន់តែរីកចម្រើន» «មានអក្ខរកម្ម មានសុខដុមជីវិតបុគ្គល និងសង្គម»៕

បញ្ចេញយោបល់