លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី ខាំ សាដៃ ស៊ើយ កែវ ចំពោះការទទួលមរណភាពរបស់លោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា

ថ្ងៃសៅរ៍ ទី ១៧ សីហា ២០១៩​
17

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំជូនលោកស្រី ខាំ សាដៃ ស៊ើយ កែវ ចំពោះការទទួលមរណភាពរបស់នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨៖៤៥នាទីយប់ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសារចូលរួមរំលែកមរណទុក្ខនោះបានរៀបរាប់ថា «ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខនូវមរណទុក្ខប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះអាឡោះ អាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ គឺជាការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានលះបង់តស៊ូទាំងកម្លាំងកាយ បញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយឆន្ទៈមនសិកាដ៏ខ្ពង់ខ្ពស់ ពិសេសបានរួមចំណែក យ៉ាងសកម្មជាមួយ ស្ថាប័នតីនិប្បញ្ញត្តិ ព្រឹទ្ធសភា ក្នុងការកសាងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្លាយជានីតិរដ្ឋពេញលេញ»។ «ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សូមឆាប់បានយោនយកកំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ»។

សូមជំរាបថា សពនាយឧត្តមសេនីយ៍ ស៊ើយ កែវ ពេលនេះ បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា និងទំនៀមទម្លាប់ របស់ជនជាតិភាគតិច នៅគេហដ្ឋានលេខ១១៨ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕

បញ្ចេញយោបល់