ពិធីបិទការងារ អធិការកិច្ច កិច្ចការរដ្ឋបាលនគរបាល និងពន្ធនាគារនៅក្នុងខេត្តឧត្ដរមានជ័យ

ថ្ងៃសុក្រ ទី ១៦ សីហា ២០១៩​
2

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការងារ អធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅក្នុងខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពលោក រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ឆ្លៀតក្នុងឱកាសនោះ លោក រស់ វរុណ បានអំពាវនាវឲ្យអាជ្ញាធរខេត្ត ដូចជាកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តត្រូវផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបទៅដោយការយកចិត្តទុកដាក់ តម្លាភាព មានស្មារតីទទួលខុសត្រូវខ្ពស់ និងបានទាន់ពេលវេលាតាមគោលដៅ និងនីតិវិធីកំណត់ដោយពិធីបិទនេះបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
បន្ទាប់ពី លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ មានមតិស្វាគមន៍ និងអានរបាយការណ៍ជូនអង្គពិធីរួចមក លោក រស់ វរុណ បានលើកបន្ថែមថា អភិបាលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តក៏ដូចជាសាលក្រម និងសាលដីកាតុលាការកុំឱ្យមានការរាំងស្ទះដែលបង្ករជាបញ្ហាលំបាកដល់ការអនុវត្តនីតិវិធី និងត្រូវដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ចជំនាញនានារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ការពារថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព ជាពិសេសត្រូវធ្វើការតែងតាំងមន្ត្រីជុំវិញខេត្តព្រមទាំងស្នើសុំប័ណ្ណសរសើរមេដាយគ្រឿង ឥស្សរិយយសជូនមន្ត្រីចំណុះរដ្ឋបាលខេត្ត ដែលមានស្នាដៃ និងស្នើសុំដំឡើងឋានន្តរស័ក្កិថ្នាក់តាមនីតិវិធីកំណត់។

លោក ក៏បានផ្តាំផ្ញើឲ្យសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅខេត្តឧត្ដរមានជ័យត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយក្នុងជួររដ្ឋបាលខេត្តក៏ដូចជាបង្កើនទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមចំណែកសម្រេចបានជោគជ័យគ្រប់ផែនការការងារ និងបង្កើតនូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋផងដែរ៕

បញ្ចេញយោបល់