ប្រធានមន្ទីរសាធារណការខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

ថ្ងៃសុក្រ ទី ១៦ សីហា ២០១៩​
5

សៀមរាប៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច លោក គឹម ប៉ុណ្ណា ក្របខណ្ឌក១.២ ពីប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប ទៅបម្រើការងារ នៅទីស្តីការក្រសួង សាធារណការ និងដឹកជញ្ជូន និងផ្ទេរសម្រួលភារកិច្ចលោក គី វិរិន្ទ ក្របខណ្ឌ ក១.៤ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប ។

ក្នុងការស្វាគមន៍របស់លោក ទៀ សីហា ក៏បានធ្វើការបញ្ជាក់អំពីសមទ្ធិផលនានាដែលកើតមានឡើងក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរចាស់ដោយមានកិច្ចសហការល្អជាមួយបណ្តាមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានសំខាន់លើការងារបម្រើដល់វិស័យទេសចរណ៍ និងលើការងារផ្លូវថ្នល់ ប្រព័ន្ធលូនៅក្នុងក្រុងផងដែរ។

លោក ស៊ុន ចាន់ថុល បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះមួយចំនួនដល់លោកប្រធានមន្ទីរ ដើម្បីជាមូលដ្ឋានក្នុងការបន្តដឹកនាំ និងគ្រប់គ្រងការអនុវត្តផែនការសកម្មភាព និងទិសដៅយុទ្ធសាស្ត្រ វិស័យសាធារណការ និងដឹកជញ្ចនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លោក បានជំរុញឱ្យប្រធានមន្ទីរទើបទទួលដំណែងថ្មីនិងមន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទក្រសួងទាំងអស់ ត្រូវ ខិតខំប្រឹងប្រែងកែលម្អ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ លោក បានចាត់ទុកការផ្លាស់ប្ដូរភារកិច្ចរបស់មន្ត្រីរាជការថាជាការលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការក្នុងប្រទេសកម្ពុជា និង ជម្រុញឲ្យប្រធានមន្ទីរថ្មីរៀបចំផែនការការងារ១០០ថ្ងៃដើម្បីអនុវត្តន៍ បង្ហាញស្នាដៃការងារក្នុងតំណែងនិងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន។
លោក ស៊ុន ចាន់ថុល បានផ្តាំទៅមន្ទីរទាំងអស់ត្រូវដាក់ខ្លួនជាអ្នកបម្រើរាស្រ្ដ កុំធ្វើជាចៅហ្វាយរាស្រ្ដ និងត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យបាននូវអនុសាសន៍ណែនាំ១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន » និងប្រកាន់គោលការណ៍ធ្វើជាមន្ត្រីនិងគំរូគេកុំធ្វើជាមន្ត្រី គ្រាប់ល្ពៅទី១.ត្រូវខិតខំ អប់រំផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ និងបញ្ហាបការយល់ដឹងច្បាប់បទដ្ឋាននានា។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្ថែមថា ត្រូវបន្តជំរុញការអប់រំ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយជំរុញមន្ត្រីមន្ទីរប្រើប្រាស់កម្មវិធី Road Care App ដើម្បីលើកកម្ពស់ការងារថែទាំ ជួសជុលផ្លូវថ្នល់ ក្នុងខេត្តឱ្យមានប្រសិទ្ធភាព ខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំដំឡើងឋានន្តរស័ក្តិ និងថ្នាក់ជូនដល់មន្ត្រីរាជការ ដែលមានអតីតភាពគ្រប់២ឆ្នាំឱ្យបានទៀងទាត់ស្របតាមការកំណត់របស់ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕

បញ្ចេញយោបល់