កិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋានតាមរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពល្អប្រសើរ

ថ្ងៃព្រហស្បតិ៍ ទី ១៥ សីហា ២០១៩​
6

សៀមរាប៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន របស់ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងខេត្តសៀមរាប។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក នាយកទីចាត់ការរដ្ឋបាល អភិបាលរង និងនាយករដ្ឋបាលក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក សរុប៥០នាក់។

ការចុះត្រួតពិនិត្យ ការអនុវត្តការងារអត្រានុកូលដ្ឋាននេះ ធ្វើឡើងដើម្បីពង្រឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរក្សាបាននូវនិរន្តរភាពនៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ឆ្លងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លើក្រុង ស្រុកចំនួន០៥រួមមាន ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប និងស្រុកបន្ទាយស្រី ពិនិត្យឃើញថានូវមានចំណុចខ្វះមួយចំនួនតិចតូច ដែលមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ និងក្រុង ស្រុក ពុំទាន់បានបំពេញត្រឹមត្រូវតាមសេចក្តីណែនាំ។

ជាមួយគ្នានោះ លោកស្រីអភិបាលរងខេត្ត ក៏បានស្នើនិងជំរុញទៅដល់ក្រុមការងារនៅថ្នាក់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់ពិនិត្យមើលឡើងវិញអំពីបញ្ហាដែលក្រុមការងារថ្នាក់ជាតិបានរកឃើញ និងត្រូវចុះពិនិត្យគាំទ្រដល់ឃុំ សង្កាត់ឲ្យបានជាប្រចាំកុំរង់ចាំតែថ្នាក់ជាតិ ឬថ្នាក់ខេត្តចុះទៅជួយគាំទ្រ ត្រូវមានផែនការចំពោះឃុំ សង្កាត់ ដែលមានបញ្ហាច្រើនលើការងារអត្រានុកូលដ្ឋាននេះ និងមានការទទួលខុសត្រូវខ្ពស់ចំពោះឃុំ សង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួន៕

បញ្ចេញយោបល់