លោក អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាការងារជាមួយលោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
13

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Yuya YAO បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អំពីសកម្ម ភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ដែលបានវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោក Yuya YAO បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ បន្តែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដែលបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែមតាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួនដល់ការងាររៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល៕

ចែករំលែក

បញ្ចេញយោបល់