មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ដកហូតទំនិញខូចគុណភាពជិត ២០មុខក្នុងផ្សារវាលយន្ត

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
10

ស្វាយរៀង៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង បានរកឃើញទំនិញខូចគុណភាព៨គីឡូក្រាម និងងៀតបបែលកន្លះគីឡូក្រាម មានផ្ទុកសារមានផ្ទុកសារធាតុគីមី។

លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

លោក ផឹង និល បានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួនជិត២០មុខក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាពរួមមាន សាច់ក្រកសាច់៣គីឡូក្រាម , ងៀតអន្ទង់ ២,៥គីឡូក្រាម, ត្រីប្រឡាក់ ២,៥គីឡូក្រាម និងងៀតបបែលមានសារធាតុគីមី០,៥គីឡូក្រាម ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព។

ជាមួយគ្នានោះលោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវមុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា៕

ចែករំលែក

បញ្ចេញយោបល់