ពិធីស្រោចព្រះសុគន្ធវារីសម្ពោធឆ្លងសមណស័ក្តិជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តក្រចេះ និងបុណ្យសម្ពោធឆ្លងកុដិ

ថ្ងៃអាទិត្យ ទី ១១ សីហា ២០១៩​
301

ក្រចេះ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩
ពិធីបុណ្យឆ្លងសម្ពោធនូវកុដិ និងបញ្ចុះបឋមសិលាសាងសងព្រះវិហារ ក្នុងវត្តផល្លារាម (ហៅទួលមនោរម្យ) ស្ថិតក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ  ដែលផ្តើមដោយព្រះគ្រូធម្មរតិ អ៊ូច រិទ្ធីក្រៃ ព្រះមេគណស្តីទី ដែលត្រូវធ្វើពិធីស្រោចស្រព្វព្រះសុគន្ធវារី ប្រកាសតែងតាំងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តក្រចេះ រួមនិងប្រជាពុទ្ធបរិស័ទក្នុង និងក្រៅខេត្តយ៉ាងច្រើនកុះករ ដែលចំណាយអស់ថវិការប្រមាណជាង ៦ម៉ឺន ៣ពាន់ដុល្លាអាមេរិក។

ក្នុងពិធីនេះមានការយាងនិមន្តជាអធិបតីរបស់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ព្រះរាជាណាចក្រកម្ពុជា និងការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត  រួមទាំងមន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករផងដែរ ។

មានប្រសាសន៍ក្នុងពីធីលោកអភិបាលខេត្តបានបញ្ជាក់ថា ទីវត្តអារាម កំពុងមានការរីកចម្រើនរីកដុះដាលជាច្រើនកន្លែង មិនថានៅទីក្រុង ឬជនបទដាច់ស្រយាកនោះទេ ដែលទាំងអស់នេះ គឺទទួលបានពីការជឿទុកចិត្តគោរពប្រណិប័តន៍ និងចូលរួមសទ្ធាជ្រះថ្លាររបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅខេត្ត ទើបសម្រេចបាននូវសមិទ្ធផលទាំងនេះ ឈានដល់ធ្វើពិធីកាត់ខ្សែបូសម្ពោធឆ្លងនាពេលនេះ។ ហើយទីវត្តអារាម បានធ្វើការផ្សព្វផ្សាយ និងអប់រំផ្លូវចិត្តមនុស្ស ឲ្យមានភាពស្ងប់ និងចេះអត់អោនអធ្យាស្រ័យគ្នាទោវិញទៅមក ជាពិសេសគឺបានផ្តល់នូវបុណ្យកុសលដល់អ្នកដែលគោរពប្រណិប័តន៍ និងចូលរួមកសាងក្នុងទីវត្តអារាមផងដែរ។

មានព្រះពុទ្ធដីការ ពីសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ព្រះរាជាណាចក្រកម្ពុជា ថ្លែងការកោតសរសើរចំពោះព្រះគ្រូធម្មរតិ អ៊ូច រិទ្ធីក្រៃ ព្រះមេគណស្តីទី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានស្វែងរកគៀងគរសប្បុរសជន និងបរិច្ចាកនូវសទ្ធាជ្រះថ្លាក្នុងការចូលរួមកសាង និងអភិវឌ្ឍនូវវិស័យព្រះពុទ្ធសាសនាក្នុងខេត្តក្រចេះឲ្យមានការីកចម្រើន។

ម្យ៉ាងវិញទៀត ការចូលរួមនូវសទ្ធាទាំងនេះ គឺមិនមែនតែជាគោលបំណងនៃការសន្សំបុណ្យកុសល ក្តីសុខ និងរួចចាក់ផុតទុក្ខនៅពេលខាងមុខ ឬនៅជាតិក្រោយនោះទេ គឺជាការចូលរួមកសាង និងអភិវឌ្ឍយ៉ាងធំធេងនូវវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានការរីកចម្រើនតទៅមុខជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ហើយការចូលរួមទាំងនេះ គឺបញ្ជាក់ពីការរីកចម្រើននូវសេដ្ឋកិច្ចបងប្អូនប្រជាពុទ្ធបរិស័ទ ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងមានដៃគូរវិនិយោគអភិវឌ្ឍន៍ ក្នុងនិងក្រៅប្រទេស ដឹកនាំដោយប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំឥសរ្សជនជាច្រើនរបស់កម្ពុជាផង។

ដូច្នេះសុំឲ្យប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តចូលរួមគាំទ្រ ថែរក្សាការពារនូវសមិទ្ធផលថ្មីៗដែលកើតមានក្នុងមូលដ្ឋាន សហគមន៍របស់ខ្លួនឲ្យបានគង់វង្ស និងបន្តអភិរក្សនូវសមិទ្ធផលចាស់ដែលដូនតាបន្សល់ទុក។ ជាពិសេស បន្តចូលរួមគាំទ្របរិច្ចាកនូវធនធាន ដើម្បីរួមគ្នាអភិវឌ្ឍនូវគ្រប់វិស័យ ក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានប្រកេននូវបច្ច័យចំនួន ៣លានរៀល ឧបត្ថម្ភដល់ពីបុណ្យ និងផ្តល់នូវក្រណាត់ស ជូនតាជីយាយជីចំនួន ៣០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស ១ដុំ ថវិការ ១ម៉ឺនរៀលផងដែរ៕

ចែករំលែក

បញ្ចេញយោបល់