លោក វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្ត

ថ្ងៃព្រហស្បតិ៍ ទី ៨ សីហា ២០១៩​
19

ក្រចេះ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិស​ដៅអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត លោក លោក​ស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុង និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត។

នៅក្នុងអង្គពិធីបណ្ដាមន្ទីរ អង្គភាព ស្រុក/ក្រុង បានលើកឡើងពីសកម្មភាពនៃការអនុវត្តការ​ងារ​ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការ​ងារ​ជួយ​ដោះ​ស្រាយដល់ប្រជាពលរដ្ឋរងគ្រោះ ការដោះស្រាយបញ្ហាដីធ្លី ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿង​ញៀន ការបង្ក្រាប់បទល្មើសផ្សេង និងការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពិសេសការ​ងារ ដោះស្រាយជូនប្រជាពល​រដ្ឋ​តាមរយៈនៃវេទិការ​សាធា​រ​ណៈ។

បន្ទាប់ពីក្ដាប់បាននូវរបាយការណ៏ លោកអភិបាលខេត្ត បានសម្ដែងការកោតសរសើរចំពោះការ​ខិតខំយ៉ាងសស្រាក់សស្រាំបំផុតពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញា​ធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបាននាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជូនរាជរដ្ឋា​ភិបាល​កម្ពុជាដែលមានលោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន លោកអភិបាលខេត្តបានជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់មានការខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង់ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ហើយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺត្រូវខិតខំប្រឹងប្រែងបន្ដធ្វើការកំណែទម្រង់​ការអភិវឌ្ឍសេដ្ឋកិច្ច ការដោះស្រាយបញ្ហា ជីវភាព និងយុត្តិធ៌មសង្គមដ៏មានប្រសិទ្ធភាព ជាពិសេសត្រូវ​ខិត​ខំបម្រើ និងបញ្ចេញសមិទ្ធ​ផល​ជូន​ប្រជាជនអោយបានកាន់តែទ្វេរ​ដង ដើម្បីកុំអោយប្រជាពលរដ្ឋមានការ​ខក​ចិត្ត និងខុសពីការ​រំពឹងទុក។

លោកក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការជាមួយគណៈជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវតាមដានសភាពការគ្រោះមហន្តរាយ រៀបចំផែនការត្រៀមបង្ការគ្រោះមហន្តរាយ ផ្សព្វផ្សាយកិច្ចសហ​ការ​ក្នុងការដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី១៩/២០ សីហាខាងមុខនេះ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនដើម្បីអោយ​ភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន។

ជាមួយគ្នានេះដែរត្រូវបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន រួមទាំងបញ្ហាសន្តិសុខ សណ្ដាប់​ធ្នាប់សង្គម ព្រមទាំងសកម្មភាពមនុស្សធ៌ម និងសង្គមផ្សេងៗទៀតក៏ដូចជាការ​ជួយចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលទីទាល់ក្រមានជីវភាពលំបាកខ្លាំង និង​ជួយឧបត្ថម្ភ​ដល់គ្រួសារប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ដោយមិនប្រកាន់នៅនិន្នា​ការ​​ណាមួយឡើយ៕

បញ្ចេញយោបល់