អបអរសាទរ! មន្ទីរពេទ្យបង្អែក (បាកាន​ ខេត្តកោះកុង​ និង​ខេត្តកំពង់ចាម) និង​វិទ្យា​ល័យ​ពេជ្យ​ចិន្តា ទទួល​បាន​ជ័យ​លាភី​អង្គ​ភាព​ផ្តល់​សេវា​សាធារ​ណៈ​គំរូ​លេខ​១

ថ្ងៃពុធ ទី ៧ សីហា ២០១៩​
15

​ភ្នំពេញ៖ នាព្រឹក​ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ២០១៩​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ អម​ដោយ​លោក​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​​លោក​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​​ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ប្រកាស​ទទួល​ស្គាល់​ជ័យ​លាភី ជូនដល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង​វិស័យ​សុខា​ភិបាល នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ។

ក្នុងឱកាសនេះដែរ ​លោក​ឧបនាយករដ្ឋមន្រ្តី​ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​ពាន​រង្វាន់​ដល់​ម្ចាស់​ជ័យ​លាភី​លេខ​១ នៃ​អង្គ​ភាព​ផ្តល់​សេវា​សាធារ​ណៈ​គំរូ​ក្នុង​វិស័យ​អប់រំ ចំនួន​មួយ​គឺ វិទ្យាល័យ​ពេជ្រចិន្តា ខេត្ត​បាត់ដំបង  និង​អង្គ​ភាព​ផ្តល់​សេវាសា​ធារណៈ​គំរូ​ក្នុង​វិស័យ​សុខា​ភិបាល​ចំនួន​បី​គឺ មន្ទីរ​ពេទ្យ​បង្អែក​បាកាន ខេត្ត​ពោធិ៍សាត់ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កោះកុង  និង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​។

ពិធីប្រកាសនេះផងដែរ មានការអញ្ជើញចូលរួមពី រដ្ឋ​លេខាធិការ​តំណាងគ្រប់​ក្រសួង​/​ស្ថាប័ន គណៈ​កម្ម​ការ​វាយ​តម្លៃ​អង្គភាព​ផ្ដល់​សេវាសា​ធារ​ណៈ​ថ្នាក់​ជាតិ (គ.វ.ជ.) គណៈ​កម្មការ​បច្ចេក​ទេស​អន្តរ​ក្រសួង អភិបាល​នៃ​គណៈ​អភិបាលរាជ​ធានី​/​ខេត្ត មន្ទីរ​ពាក់ព័ន្ធ (មន្ទីរសុខាភិបាល​ ​​អប់រំ យុវជន និងកីឡា​ ​​មុខងារ​សាធារណៈ​ ​បរិស្ថាន​ និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ) តំណាង​អង្គ​ការ​ដៃគូ​អភិវឌ្ឍន៍ តំណាង​ស្ថាន​ទូត​សឹង្ហបុរី សាកល​វិទ្យា​ធិការ និង​នាយក​វិទ្យា​ស្ថាន នា​យក​​មន្ទីរ​ថ្នាក់​ជាតិ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​/​ស្រុក​/​ខណ្ឌ មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​/​ខេត្ត ក្រុង​/​ស្រុក​/​ខណ្ឌ នាយក នាយិកា​វិទ្យា​ល័យ​ទូទាំង​ប្រទេស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រាជ​ការ​នៃ​ក្រសួង​​មុខ​ងារ​សាធា​រណៈ សរុប​ប្រមាណ ១.២០០​នាក់ ក្នុង​នោះ​ស្ត្រី​មាន ៣០០​នាក់៕

បញ្ចេញយោបល់