លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​តួ​លេខ​បណ្តោះ​អាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជា​ជន​នៅ​ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុជា ឆ្នាំ២០១៩​​

ថ្ងៃពុធ ទី ៧ សីហា ២០១៩​
18

ភ្នំពេញ៖ ថ្ងៃ​ទី​០​៧ ខែសីហា ឆ្នាំ២០១៩នេះ ពិធីប្រកាសតួលេខ​បណ្តោះអាសន្ន នៃជំរឿន​ទូទៅ​ប្រជាជននៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​២០១៩ ត្រូវ​បានប្រារព្ធ​ធ្វើឡើង​​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​​របស់​លោក​ឧប​នា​យក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈ​​កម្មាធិការ​​ជាតិ​​ជំរឿន​​​ទូទៅ​​ប្រជា​ជន​នៅ​ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ​២០១៩ ដោយ​មានការ​អញ្ជើញ​​ចូលរួមពី លោក​ទេស​រដ្ឋ​មន្ត្រី​​ ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ និងជាអនុប្រធាន​គណៈកម្មាធិការជាតិជំរឿនទូទៅ​ប្រជាជន​នៅ​ព្រះ​​រាជា​ណាចក្រកម្ពុជា ឆ្នាំ២០១៩ ​លោក​ លោក​ស្រី​​តំណាង​អង្គ​ការ​មូល​និធិ​សហ​​ប្រជា​​ជាតិ​សម្រាប់​ប្រជាជន UNFPA តំណាង​​ស្ថាន​ទូត​ចិន ស៊ុយអែត អាល្លឺម៉ង់ សហគមន៍អ៊ឺរ៉ុប លោក លោក​ស្រី​សមាជិក​គណៈ​កម្មាធិការ​ជាតិ​ជំរឿន លោក​ លោក​ស្រី​រដ្ឋ​/​អនុរដ្ឋ​​លេខា​ធិការ ជាតំណាង​​ក្រសួងស្ថាប័ន លោក លោក​ស្រី​​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​/​ខេត្ត លោក លោក​ស្រី​ប្រធានមន្ទីរផែនការរាជធានី​/​ខេត្ត ​លោក លោកស្រី​តំណាង​ស្ថានទូត ដៃ​គូអភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការសង្គមស៊ីវិល អង្គ​ការ​ជាតិ​​/​អន្តរ​ជាតិនានា អញ្ជើញ​ចូល​រួម​ប្រមាណ ៤៥០​នាក់។

លោក​ទេសរដ្ឋមន្ត្រី បានមាន​​ប្រសាសន៍ថា តួលេខបណ្តោះ​អាសន្ន​នៃជំរឿន​ទូទៅប្រជាជន​នៅ​ព្រះរាជា​ណា​ច​ក្រកម្ពុជា ឆ្នាំ២០១៩ បានប្រកាស​ផ្សព្វផ្សាយ​ជូន​នា​ថ្ងៃ​នេះ គឺផ្អែក​លើការ​ពិនិត្យ​ពិច័យ​យ៉ាង​ហ្មត់​​ចត់​លើ​​តួលេខ​សង្ខេប​ដែល​រៀប​ចំដោយ​មន្រ្តី​សម្ភាសន៍។ តា​រាង​ទាំង​នោះ​រួម​មាន ចំនួន​ប្រជា​ជន​​កម្ពុជា តាម​រាជ​ធានី​/​ខេត្ត តាម​ភេទ និង​តាម​ចំណាត់​ថ្នាក់​ទី​ប្រជុំ​ជន និង​ជន​​បទ។ បច្ចុប្បន្ន​នេះ ការ​កែ​ច្នៃ​ទិន្នន័យ​លើ​តា​រាង​សំណួរ​ជំរឿន​បំពេញ​រួច មាន​ចំនួន​ប្រមាណ​ជាង ៣,៧​លាន​​គ្រួសារ កំពុង​ដំណើរ​ការ។ នៅ​ពេលដំណើរការកែ​ច្នៃតារាង​​សំណួរ​ជំរឿនទាំង​អស់​រួច​រាល់ ហើយលទ្ធផល​ចុងក្រោយ​​ដែល​រួម​មាន​តារាង​ទិន្នន័យសព្វ​បែបយ៉ាងនឹង​មាន​ផ្សព្វ​ផ្សា​យជូន។ តារាងស្ថិតិ​ទាំងអស់នេះ សង្ឃឹមថា​នឹងរួចរាល់​នៅពាក់កណ្តាល​ឆ្នាំ​ក្រោយ (២០២០)។ បន្ទាប់​ពីបញ្ចប់ និងផ្សព្វផ្សាយ​លទ្ធផលចុង​ក្រោយ នឹងមាន​ការវិភាគ​ទិន្នន័យ​ជំរឿន​​លម្អិត​តាម​​ប្រធានបទ​សំខាន់ៗ​ចំនួន ១៤​ប្រធានបទ ដែលទាក់ទង​នឹង​សូច​នាករ ប្រជា​សាស្រ្ត សង្គម និង​ផលប៉ះពាល់​ចំពោះ​ការអភិវឌ្ឍ។ ក្នុងចំណោម​ប្រធាន​បទទាំង​១៤​នេះ យើង​​ទទួល​បាន​ការសន្យា​​ពីកា​រិយា​ល័យ​ស្ថិតិសាធារណ​រដ្ឋ​ប្រជា​មានិតចិន​ជួយ​វិភាគ​ចំនួន ៤​ប្រធា​ន​បទ ហើយ​អង្គ​ការ UNICEF ក៏អាច​ជួយវិភាគ​មួយ​ប្រធាន​បទ​ផងដែរ។ ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​​ទិន្នន័យ​​ជំរឿន​ឲ្យ​បានទូ​លំទូលាយ ត្រូវ​រៀប​ចំ​វេប​សាយ​ជំរឿន។ សិក្ខា​សាលា​ផ្សព្វ​ផ្សាយ និង​ការ​ប្រើប្រាស់​ទិន្នន័យ​ជំរឿន ត្រូវតែ​ប្រព្រឹត្តទៅ​ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង ២៥​រាជធានី​/​ខេត្ត ដើម្បីលើក​កម្ពស់ការ​ប្រើប្រាស់​ទិន្នន័យជំរឿន។

លោក​ទេសរដ្ឋមន្ត្រី​បាន​រំលឹកថា កាលពីជំរឿនប្រជាជននៅ​ឆ្នាំ​១៩៦២ ដែលពេល​នោះប្រជា​ជន​កម្ពុជា​មាន​តែ ៥,៧​លាន​នាក់​នោះ ជំរឿន​ទូទៅប្រជាជន​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ត្រូវ​បាន​ខកខាន​អស់​រយៈ​ពេល​ជាង ៣​ទសវត្សរ៍​ ដោយ​សារ​វិបត្តិផ្ទៃ​ក្នុង។ បន្ទាប់ពីអាក់ខាន ៣៦​ឆ្នាំ ជំរឿន​របស់ប្រទេស​កម្ពុជា​លើក​ទី​មួយ​ឆ្នាំ​១៩៩៨ ត្រូវបាន​រៀប​ចំឡើង​ក្រោមការ​ឧបត្ថម្ភ​គាំទ្រពី​​អង្គ​ការ​​មូលនិធិ​សហប្រជា​ជាតិ​សម្រាប់​ប្រជាជន (UNFPA) ដែលបាន​ជួយ​ឧបត្ថម្ភគាំ​ទ្រ​ទាំងថវិកា និង​បច្ចេកទេស ហើយ​លទ្ធផលជំរឿន​​ប្រជា​ជន ឆ្នាំ១៩៩៨ បាន​ផ្តល់នូវ​តួលេខ​កម្រិតថ្នាក់​​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ យ៉ាង​ទូលំទូលាយ​​អំពី​​ចរិត​លក្ខណៈ​ទិន្នន័យ​ស្ថិតិ ប្រជា​ជន​កម្ពុជា។ លើសពីនេះ​ទៀត ជំរឿន​ប្រជាជនឆ្នាំ​១៩៩៨ បាន​ធ្វើ​ឲ្យប្រទេស​កម្ពុជា​បាន​ចូល​ក្នុង​​ផែន​ទី​ជំរឿន​នៅ​លើពិភពលោក។ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ​២០០៨ គឺជាជំរឿន​លើកទី​ពីរ បន្ទាប់ពីការបង្កើត​រដ្ឋាភិបាល តាមការ​បោះឆ្នោត​នៅកម្ពុជា​ឆ្នាំ​១៩៩៣។

លោក​ទេសរដ្ឋមន្ត្រី​បានបន្តថា យោងតាម​អនុសាសន៍របស់​អង្គការ​សហប្រជាតិ និង​យោង​តាម​ច្បាប់ស្តី​ពីស្ថិតិ​រាជ​រដ្ឋា​ភិបាលកម្ពុជា បាន​សម្រេចដឹក​នាំការធ្វើ​ជំរឿនរៀង​រាល់ ១០​ឆ្នាំម្តង ដោយ​ចាប់​ផ្តើមពី​ឆ្នាំ​១៩៩៨។ ផ្អែក​តាមជំរឿន ឆ្នាំ​២០០៨ ដែល​បានអនុវត្ត​ជាមួយ​កាល​បរិច្ឆេទ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០០៨​នោះ យើង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០១៨ ជាក់​ស្តែង ១០​ឆ្នាំ តាម​ច្បាប់​កំណត់ ក៏ប៉ុន្តែ​ដោយសារ​មិនមាន​ដៃគូជួយ​ដូចកាល​ជំរឿន​មុនៗ យើង​ត្រូវ​ស្នើថវិកា​ជាតិ។ ដោយសារឆ្នាំវ២០១៨ មាន​ព្រឹត្តិការណ៍​សំខាន់​ធំមួយ​គឺ​ការបោះ​ឆ្នោត​សកល ដូច្នេះ​លោក​នា​យក​រដ្ឋ​មន្រ្តី បាន​សំរេច​លើក​ពេល​ជំរឿន​មក​ឆ្នាំ​២​០១៩ ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ទាំង​ស្រុង។

លោក​ទេសរដ្ឋមន្ត្រី​បានថ្លែងអំណរគុណដល់ លោក​ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដែល​បានអនុញ្ញាត​ឲ្យធ្វើការផ្សព្វផ្សាយ ​តួលេខបណ្តោះ​អាសន្នជំរឿន​ទូទៅប្រជាជននៅ​ព្រះ​រាជា​ណាចក្រកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃនេះ ដែលជាតួលេខ​បណ្តោះអាសន្ន រួម​មាន​ចំនួន​ប្រជា​ជន និង​ការ​វិភាគ​សង្ខេប​អំពី​ទំហំ និង​ការ​បែង​ចែក​របាយ​ប្រជា​ជន​របស់​ប្រទេស​កម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ថា ជំរឿនប្រជាជន ជា​ការងារ​ជាតិដ៏​ធំធេង​មាន​សារៈ​សំខាន់​បំផុត និង​មាន​ចរិត​ប្រវត្តិ​សាស្ត្រ ហើយនៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ការងារ​នេះ​នឹង​​នាំ​មក​នូវ​ព័ត៌មាន​អំពីចំនួន​ប្រជាជន និងចរិតលក្ខណៈ​ប្រជាជន​សំខាន់​ៗ ជា​លម្អិត​តាំង​ពីថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ភូមិ​ដែល​ជា​កម្រិត​ភូមិ​សាស្រ្ត​តូច​បំផុត ​នៅ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​យើង។ លោក​បានបន្ថែមថា ជំរឿនទូទៅប្រជាជន​ចាំបាច់ណាស់​គឺត្រូវការ​ខិតខំប្រឹង​ប្រែង បំពេញ​ការងារក្នុង​ស្មារតីសហការ និង​ទទួលខុសត្រូវ​ខ្ពស់របស់មន្ត្រីជំរឿន​គ្រប់ថ្នាក់តាំង​ពី​សមាជិក សមាជិកានៃគណៈកម្មាធិការជំរឿនគ្រប់ថ្នាក់ រហូតដល់អាជ្ញាធរថ្នាក់​ស្រុក ឃុំ ភូមិ និង​មន្ត្រីនគរបាល ដើម្បីទទួលបាន​ប្រសិទ្ធភាពក្នុង​ការបំពេញ​ភារកិច្ច។ ជាងនេះ​ទៅទៀត​មន្រ្តី​សម្ភាសន៍ មន្ត្រីត្រួតពិនិត្យក្នុងការប្រតិបត្តិការជំរឿន រួមទាំងមន្ត្រីរាជ​ការគ្រប់​ក្រសួង​​/​ស្ថាប័ន​ជាតិ និងបងប្អូនជនរួមជាតិ​​នៅគ្រប់​ទីកន្លែងក្នុងទូទាំង​​ប្រទេសក៏​ជាចំណែកមួយ​សម្រាប់ការ​ចូល​រួម​អនុវត្តកិច្ច​ការសកម្មភាព​នៃការ​ធ្វើជំរឿន​ទូទៅប្រជា​ជន​ដោយ​ជោគជ័យ។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មន្ត្រីទាំងអស់ ដែលពាក់​ព័ន្ធ​ក្នុង​ការ​អនុវត្ត​សកម្ម​ភាព​ទាំងអស់​នៃការ​ធ្វើជំរឿន​ទូទៅ​ប្រជាជន​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​​ឆ្នាំ​២០១៩ សូម​យក​ចិត្ត​ទុកដាក់​អនុវត្ត​ការងារដើ​ម្បីទទួ​លបាន​ជោគ​ជ័យ​ក្នុងការ​កែច្នៃ​ទិ​ន្នន័យ​នៃ​ការ​ធ្វើ​ជំរឿន ការ​វិភាគ និង​ការ​ផ្សព្វ​ផ្សាយ​ទិន្ន​ន័យ​ជំរឿន​បាន​ទាន់​ពេលវេលា។

ជាទីបញ្ចប់ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ក៏បាន​សម្តែង​នូវការ​ដឹង​គុណ និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជា​ទីបំផុត ជូនចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ថវិកា​ជាតិ សម្រាប់​អនុវត្ត​ការងារ​ជំរឿនទូទៅប្រជាជន​នៅព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ដែល​ជាការងារ​សំខាន់​ជា​​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដើម្បី​អភិវឌ្ឍ​កម្ពុជា ហើយ​លោកក៏​បាន​​ថ្លែង​អំណរ​គុណ​ផងដែរ ចំពោះមូលនិធិសហប្រជាជាតិ​​សម្រាប់​ប្រជាជន (UNFPA) ដែលបាន​​គាំទ្រទាំងផ្នែក​​បច្ចេកទេស ថវិកា និងបាន​ផ្តល់ជំនួយលើ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​វិទ្យា (ICT) និង​សូមអរគុណសហគមន៍អ៊ឺរ៉ុប អង្គការ Sida ទីភ្នាក់​ងារ​កិច្ច​​សហប្រតិបត្តិ​ការ​​អាល្លឺម៉ង់ (GIZ) បានផ្តល់​ជំនួយ​ទីប្រឹក្សា​បច្ចេកទេស​​ជំរឿន​​រយៈ​ពេល​វែង និង​សាធារណៈ​​រដ្ឋ​ប្រជាមានិត​ចិន បានផ្តល់ជំនួយសម្ភារៈបរិក្ខារជំរឿន រួមមាន​មធ្យោបាយ​ដឹក​ជញ្ជូន (រថយន្ត និង​ម៉ូតូ) កុំព្យូទ័រ និង​ម៉ាស៊ីន​ថត​ចម្លង​ជាដើម។

សូមបញ្ជាក់ថា តាមទិន្នន័យបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ ប្រជាជន​សរុប តាមវិធី​សាស្រ្ត (​de-facto) មានចំនួន ១៥.២៨៨.៤៨៩​នាក់ ក្នុង​នោះ​មានប្រុស ៧.៤១៨.៥៧៧​នាក់ និង​ស្រី ៧.៨៦៩.៩១២​នាក់។ អត្រា​កំណើន​ប្រជា​ជន​ប្រចាំ​ឆ្នាំបាន​ថយចុះ​ពី ១,៥​ភាគ​រយ ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨ និង​២០០៨​មក ១,២​​ភាគ​រយ ក្នុង​ចន្លោះ​ឆ្នាំ​២០០៨ និង​២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់​កម្ពុជា​ក្នុងទសវត្ស​រ៍​ចុង​ក្រោយនេះ ពិនិត្យ​ឃើញថា​ខ្ពស់ជាង​អត្រា​កំណើន​មធ្យម​នៅអាស៊ីអាគ្នេយ៍​​ដែលមាន​តែ​មួយភាគ​រយ។ រាជធានី​/​ខេត្ត​ដែលមានចំនួន​​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ គឺភ្នំពេញ​មាន ២.១២៩.៣៧១នាក់ ហើយ​ខេត្តកែបមានប្រជាជន​តិចជាង​គេបំផុត ៤១.៧៩៨​នាក់។ ទំហំ​​គ្រួសារ​ជា​​មធ្យមមាន ៤.៦ សម្រាប់ទូទាំងប្រទេស។ ដង់ស៊ីតេ​ប្រជាជន​ស្មើ​នឹង ៨៦​នាក់​​ក្នុង​​ផ្ទៃ​ដីមួយ​គីឡូម៉ែត្រ​ការ៉េ​នៅ​ឆ្នាំ​២០១៩៕

ចែករំលែក

បញ្ចេញយោបល់