លោកនាយឧត្តមសេនីយ៍ នាង ផាត អនុញ្ញាតអោយអនុព័ន្ធយោធាកូរ៉េ ចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ជម្រាប​លា

ថ្ងៃព្រហស្បតិ៍ ទី ១ សីហា ២០១៩​
13

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតអោយ លោកវរៈសេនីយ៍ឯក យូន ប៊ូមជី (Yoon Beomgi) ជាអនុព័ន្ធយោធារដ្ឋកូរ៉េចាស់ ចប់អាណត្តិបេសកកម្មការទូត ដែលត្រូវជំនួសដោយ លោកវរៈសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធារដ្ឋកូរ៉េថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅបន្ទប់សវនាការ វិមានមិត្តភាព។

លោកនាយឧត្តមសេនីយ៏ បានថ្លែងជួសមុខលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ខ.ភ.ម ទាំងអស់ សូមអបអរចំពោះលទ្ធផលបេសកកម្មអនុព័ន្ធយោធា របស់លោក ក្នុងរយៈពេលកន្លងមកនៅកម្ពុជា ដែលលោកបានបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹង ខ.ភ.ម។ លោកបានចាត់ទុកបេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់កងទ័ព នៃប្រទេសយើងទាំងពីរ រហូតសំរេចបានការចុះពិធីសារ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង​២​ទៀត​ផង។ លោកបានជូនពរលោកវរៈសេនីយ៍ឯក នៅពេលត្រឡប់ទៅប្រទេសវិញ ទទួលភារកិច្ចថ្មី ហើយអនុវត្តឲ្យសំរេចបានជោគជ័យគ្រប់ភារកិច្ច។

លោក យូន ប៊ូមជី ថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ក៏ដូចអគ្គបញ្ជាការ និងបណ្តាកងឯកភាពរបស់កងទ័ពនានា ដែលបានជួយសម្រួលឲ្យលោកទទួលបានជោគជ័យ នៃបេសកកម្មអនុព័ន្ធយោធាកន្លងមកនៅកម្ពុជា ជាលើកដំបូងរបស់លោក។ លោក យូន ប៊ូមជី ក៏សង្ឃឹមថា៖ ថ្នាក់ដឹកនាំ ខ.ភ.ម នឹងជួយជ្រោមជ្រែងដល់ លោក ជុង ណាក់សាម ឲ្យបានបំពេញភារកិច្ចរបស់លោក ទទួលបានជោគជ័យក្នុងអណត្តិរបស់លោកបន្ត។ លោកមានជំនឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង២ និងកងទ័ពទាំង២ កម្ពុជា-កូរ៉េ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ ជានិរន្តន៏៕

បញ្ចេញយោបល់