លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញចុះពិនិត្យវិមាន ឈ្នះ ឈ្នះ

ថ្ងៃព្រហស្បតិ៍ ទី ១ សីហា ២០១៩​
18

បន្ទាប់ពី លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធី ពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋាន «មរតកតេជោ» និងពិធីសំណេះ​សំណាល​ជាមួយកម្មករ កម្មការនីជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចមកលោកឧបនាយករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះពិនិត្យវិមាន ឈ្នះ ឈ្នះ និងផ្តល់អនុសាសន៌មួយចំនួនដល់ក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ ដែលបានកំពុងទទួលខុសត្រូវគ្រប់គ្រង និងមើលថែទាំវិមាន ឈ្នះ ឈ្នះ ចាប់តាំងពីវិមាន ឈ្នះ ឈ្នះ បានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ភ្ញៀវទេសចរណ៍ជាតិ/អន្តរជាតិចូលទស្សនា ចាប់តាំងពីខែមករា ឆ្នាំ២០១៩មក។ ក្នុងឱកាសការចុះពិនិត្យនៅវិមាន ឈ្នះ ឈ្នះ នា​ពេលនោះ ត្រូវបានអមតំណើរដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៌ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមាន ឈ្នះ ឈ្នះ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានត្រួតពិនិត្យលើទិដ្ឋភាពទូទៅនៅជុំវិញបរិវេណវិមាន ឈ្នះ ឈ្នះ ដោយបានផ្តោតទៅលើការគ្រប់គ្រងថែទាំសមិទ្ធិផលនានា ដែលបានលេចចេញជារូបរាងនៅវិមាន ឈ្នះ ឈ្នះ។ បន្ទាប់មក លោកពិនិត្យចំលាក់ និងបានបន្តចូលទៅក្នុងសារៈមន្ទីរ សម្តេចតេជោ ស្ថិតនៅក្នុងតំបន់ ៧ជ្រុង ក្នុងវិមាន ឈ្នះ ឈ្នះ ដោយបានសាកសួរសុខទុក្ខដល់ក្រុមការងារ ដែលបានកំពង់ប្រចាំនៅក្នុងសារៈមន្ទីរ សម្តេច​តេជោ ក្នុងវិមាន ឈ្នះ ឈ្នះ ផងដែរ។ ក្នុងឱកាសនោះ លោកនាយឧត្តមសេនីបានរាយការណ៍ជូនលោកឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាព និងលទ្ធផលការងារ ដែលក្រុមប្រចាំការនៅវិមាន ឈ្នះ ឈ្នះ បានអនុវត្តន៏ជារៀងរាល់ថ្ងៃ បំរើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាវិមាន ឈ្នះ ឈ្នះ។ លោកក៏បានជំរាបជូនអំពីការរៀបចំសោភ័ណភាពក្នុងវិមាន ឈ្នះ ឈ្នះ ការធ្វើអនាម័យ និងការកែលំអរផ្នែកខ្លះក្នុងសារៈមន្ទីរវិមានឈ្នះ ឈ្នះ ផងដែរ។

តាមរយៈការចុះពិនិត្យមើលវិមាន ឈ្នះ ឈ្នះ នាពេលនោះ លោកឧបនាយករដ្ឋមន្ត្រីបានសំដែងនូវកាតកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជាកំលាំងកងរាជអាវុធហត្ថ ប្រចាំការនៅវិមាន ឈ្នះ ឈ្នះ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែទាំ និងរក្សាសន្តិសុខសំណង់វិមាន ឈ្នះ ឈ្នះ សំរាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា ភ្ញៀវទេសចរណ៍ជាតិ/អន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានធ្វើការណែនាំនាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំការនៅវិមាន ឈ្នះ ឈ្នះ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ថែរក្សានូវរាល់សមិទ្ធផលនានា នៅក្នុងវិមាន ឈ្នះ ឈ្នះ អោយបានល្អ បន្តការធ្វើអនាម័យ ការពារសន្តិសុខ សុវត្តិភាពជូនដល់ភ្ញៀវទេសចរណ៍ជាតិ/អន្តរជាតិចូលទស្សនាវិមាន ឈ្នះ ឈ្នះ ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការកើនឡើង។ សូមបញ្ជាក់ថា៖ ចាប់តាំងពីវិមាន ឈ្នះ ឈ្នះ បានបើកសម្ពោធអោយប្រើប្រាស់ជាផ្លូវការមក បងប្អូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស និងភ្ញៀវទេសចរណ៍ ជាតិ/អន្តរជាតិ បានមកចូលទស្សនាវិមាន ឈ្នះ ឈ្នះ ជាបន្តបន្ទាប់។ ភ្ញៀវទេសចរណ៍បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះចំលាក់ និងរូបភាពនៅក្នុងសារៈមន្ទីរ សម្តេចតេជោ ដែលបានបង្ហាញពីប្រវត្តិ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលនៅក្នុងសារៈមន្ទីរនេះ មានតាំងរូបថត ផ្ទាំងគំនូរ និងដាក់តាំងសំភារៈផ្សេងៗរបស់ លោកនាយករដ្ឋមន្ត្រី ដូចជា រថយន្ត វិទ្យុ ទូរដាក់សំភារៈ ដែលបានប្រើប្រាស់កាលពីទស្សវត្សទី៧០ រហូតមកដល់ទស្សវត្សទី៨០ និង បង្ហាញពីភូមិសាស្ត្រ នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងយោធភូមិភាគទី៣ ទី៤ និងយោធភូមិភាគទី៥ និងសកម្មភាពរបស់កងទ័ពមួកខៀវកម្ពុជា នៅក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ តាមរយៈការមកទស្សនា រូបចំលាក់ និងរូបភាពនៅវិមាន ឈ្នះ ឈ្នះ បានធ្វើអោយបងប្អូន ប្រជាពលរដ្ឋយើង ក៏ដូចជាសិស្ស និស្សិត ភ្ញៀវទេសចរណ៍ ជាតិ/អន្តរជាតិ បានសំដែងនូវការកោតសរសើរ ចំពោះវីរភាពរបស់លោកនាយករដ្ឋមន្ត្រី ដែលធ្វើការតស៊ូ លះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការរីកចំរើនមកដល់សព្វថ្ងៃនេះ៕

ចែករំលែក

បញ្ចេញយោបល់